ទីផ្សារហិរញ្ញវត្ថុអូស្ត្រាលី នៅថ្ងៃចន្ទ (០៥ ឧសភា) នេះ ភាគច្រើនបានស្វាគមន៍ជ័យជម្នះជាប្រវត្តិសាស្ត្រដោយគណបក្សការងារកណ្តាលនិយមឆ្វេង ខណៈពង្រឹងជំហររបស់រដ្ឋាភិបាលបន្ថែមទៀតក្នុងការដោះស្រាយការគំរាមកំហែងដ៏ធ្ងន់ធ្ងរណាមួយចំពោះសេដ្ឋកិច្ច ពីសង្គ្រាមពាណិជ្ជកម្មសកលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump។
លោកនាយករដ្ឋមន្ត្រី Anthony Albanese ទទួលបានជ័យជម្នះយ៉ាងលើសលប់នៅក្នុងការបោះឆ្នោតសកលរបស់ប្រទេសកាលពីថ្ងៃសៅរ៍ ដោយសារអ្នកបោះឆ្នោតអូស្រ្តាលីរួបរួមគ្នាប្រតិកម្មតបទៅនឹងគោលនយោបាយរបស់លោក Trump ដែលធ្វើឱ្យក្រុមចម្រុះជាតិនិយម-សេរីនិយម បរាជ័យធ្ងន់ធ្ងរ។
លទ្ធផលនេះបានពង្រីកសំឡេងភាគច្រើនរបស់គណបក្សការងារ ដែលកំពុងកាន់អំណាច នៅក្នុងសភាជាន់ទាប និងបង្កើនឋានៈរបស់ខ្លួននៅក្នុងព្រឹទ្ធសភា ដោយផ្តល់ផ្លូវកាន់តែច្រើនសម្រាប់រដ្ឋាភិបាលក្នុងការដោះស្រាយជាមួយនឹងអ្វីដែលប្រមុខរតនាគារ Jim Chalmers បានពិពណ៌នាថាជា សេដ្ឋកិច្ចពិភពលោក "កំពុងឆ្កួតឡីលា"។
នៅថ្ងៃចន្ទនេះ ខណៈដែលផ្សារភាគហ៊ុនអូស្រា្តលីកំពុងអបអរស្ថិរភាពនយោបាយក្រោយបោះឆ្នោត ប្រាក់ដុល្លារអូស្រ្តាលី ក៏បានឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៥ខែថ្មី ពោលគឺ ១ដុល្លារអូស្រ្តាលី ស្មើនឹង ០,៦៤៨១ដុល្លារអាមេរិក ក្រោមជំហរដុល្លារអាមេរិកទន់ខ្សោយ ខណៈគោលនយោបាយពាណិជ្ជកម្មដ៏ច្របូកច្របល់របស់លោក Trump បានធ្វើឱ្យខូចទំនុកចិត្តវិនិយោគិននៅក្នុងទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិក៕