អ្នកភូមិជនជាតិឥណ្ឌាដែលរស់នៅតាមព្រំដែនជាមួយប្ររទេសប៉ាគីស្ថាន នៅតំបន់វាលខ្សាច់ Rajasthan កាលពីថ្ងៃអាទិត្យ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារដ៏បង្ហូរឈាមទៅលើភ្ញៀវទេសចរឥណ្ឌានៅតំបន់កាស្មៀរ ដោយសន្យាថានឹងឈរនៅពីក្រោយប្រទេសជាតិរបស់ខ្លួន ដែលអំពើហិង្សាអាចផ្ទុះឡើងនៅក្នុងតំបន់។

ដោយលើកឡើងពីការចងចាំនៃសង្រ្គាមឆ្នាំ១៩៧១ អ្នកភូមិបានសន្យាថានឹងឈរក្នុងការគាំទ្រដោយឥតងាករេចំពោះកងកម្លាំងប្រដាប់អាវុធឥណ្ឌា ប្រសិនបើភាពតានតឹងនៅតាមព្រំដែនកើនឡើងឈានដល់អំពើហិង្សា។
កាលពីថ្ងៃទី២២ ខែមេសា ក្រុមសកម្មប្រយុទ្ធបានបាញ់សម្លាប់មនុស្ស២៦នាក់នៅតំបន់ទេសចរណ៍តំបន់ភ្នំ Pahalgam ជ្រលងភ្នំតំបន់កាស្មៀរ។

ចាប់តាំងពីមានការវាយប្រហារនោះមក ឥណ្ឌា និងប៉ាគីស្ថាន បានមានចំណាត់ការសំខាន់ៗ ដើម្បីកាត់បន្ថយទំនាក់ទំនងរបស់ខ្លួន រួមទាំងការផ្អាកសន្ធិសញ្ញាបែងចែកទឹក និងការបិទច្រកព្រំដែនដីគោក។
ប្រទេសឥណ្ឌា បានចោទប៉ាគីស្ថានពីការជាប់ពាក់ព័ន្ធទៅនឹងការវាយប្រហារនេះ ប៉ុន្តែទីក្រុងអ៊ីស្លាម៉ាបាដបានបដិសេធ។
ប្រទេសប៉ាគីស្ថាននិយាយថា ខ្លួនមាន «ការស៊ើបអង្កេតគួរឱ្យទុកចិត្ត» ថាប្រទេសឥណ្ឌាមានបំណងចាប់ផ្តើមសកម្មភាពយោធា។ វិធានការសងសឹករបស់ប៉ាគីស្ថាន រួមមានការបញ្ឈប់រាល់ពាណិជ្ជកម្មតាមព្រំដែន បិទដែនអាកាសរបស់ខ្លួនចំពោះក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា និងការបណ្តេញមន្ត្រីការទូតឥណ្ឌាចេញ។