មីយ៉ាន់ម៉ា៖ មេដឹកនាំយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing ត្រូវបានចោទប្រកាន់នៅចំពោះមុខតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ក្នុងនាមជាមេទ័ពការបង្ក្រាបដ៏សាហាវទៅក្រុមលើបាតុករ និងសកម្មជនប្រឆាំងនឹងរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ។

នៅក្នុងការដាក់សំណើនៅថ្ងៃសុក្រនេះ ផែនការទទួលខុសត្រូវរបស់សហភាពមីយ៉ាន់ម៉ា (MAP) បានជំរុញឲ្យតុលាការក្រុងឡាអេបើកការស៊ើបអង្កេតឧក្រិដ្ឋកម្ម “លើការប្រើប្រាស់ទារុណកម្មយ៉ាងធ្ងន់ធ្ងរ និងជាប្រព័ន្ធដែលជាផ្នែកមួយនៃការបង្ក្រាបដោយហិង្សា ប្រឆាំងនឹងចលនាតវ៉ានៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ អ្នករាយការណ៍អង្គការសហប្រជាជាតិកាលពីខែកក្កដា បានកំណត់លក្ខណៈនៃយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលយោធាប្រឆាំងនឹងអ្នកប្រឆាំងថា ជាយុទ្ធនាការភេរវកម្មដ៏ហិង្សា។
លោក Chris Gunness នាយកផែនការទទួលខុសត្រូវរបស់សហភាពមីយ៉ាន់ម៉ា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មេដឹកនាំនៃរដ្ឋប្រហារខុសច្បាប់ត្រូវទទួលខុសត្រូវទោសព្រហ្មទណ្ឌ ចំពោះការប្រើកងកម្លាំងសន្តិសុខក្រោមការបញ្ជារបស់លោក ដែលបានប្រព្រឹត្តបទឧក្រិដ្ឋកម្មដ៏ឃោរឃៅ។ នេះបើយោងតាមសមាគមជួយអ្នកទោសនយោបាយ (AAPP) ជាក្រុមសិទ្ធិមនុស្សដែលតាមដានការស្លាប់ និងការឃុំខ្លួន ចាប់តាំងពីការធ្វើរដ្ឋប្រហារមកមនុស្សយ៉ាងហោចណាស់ ១,៣០៥នាក់រួមទាំងកុមារ ៧៥នាក់ត្រូវបានសម្លាប់ ដោយសារតែការបង្ក្រាបដោយយោធាលើការតវ៉ាប្រឆាំងរដ្ឋប្រហារ គិតត្រឹមថ្ងៃពុធសប្ដាហ៍នេះ។ មនុស្សយ៉ាងហោចណាស់ ១០,៧៥៦នាក់ត្រូវបានចាប់ខ្លួន៕
អត្ថបទ៖ សុខមាន