ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍កាលពីថ្ងៃអាទិត្យថា សាកសពរបស់ឆ្មាំក្រុមហ៊ុនអណ្តូងរ៉ែចំនួន១៣នាក់ដែលកាលពីពេលមុនត្រូវបានគេរាយការណ៍ថាត្រូវបានចាប់ពង្រត់ ពេលនេះត្រូវបានរកឃើញនៅភាគខាងជើងប្រទេសប៉េរូ។
របាយការណ៍របស់នគរបាលបាននិយាយថា សាកសពត្រូវបានគេរកឃើញមានជាប់ចំណង បិទមុខ និងអាក្រាត ដែលតាមសេចក្តីរាយការណ៍ថាត្រូវបានបាញ់សម្លាប់។
ក្រុមហ៊ុនបាននិយាយថា ហេតុការណ៍អកុសលនេះ បានកើតឡើងបន្ទាប់ពីឧក្រិដ្ឋជន បានវាយប្រហារប្រតិបត្តិការរុករករ៉ែដើម្បីគ្រប់គ្រងអណ្តូងរ៉ែ។
សមាជិកក្រុមគ្រួសារជនរងគ្រោះនិយាយថា ពួកគេបានបាត់ទំនាក់ទំនងជាមួយឆ្មាំអណ្តូងរ៉ែកាលពីថ្ងៃទី២៧ ខែមេសា ហើយក្រុមអ្នកចាប់ជំរិតបានទាមទារប្រាក់យ៉ាងច្រើនពីក្រុមហ៊ុនរុករករ៉ែ ជាថ្នូរទៅនឹងការដោះលែងពួកគេ។ ក្រុមហ៊ុនរ៉ែ បានជំរុញឲ្យអាជ្ញាធរចាត់វិធានការឲ្យបានឆាប់តាមពាក្យបណ្តឹងរបស់ក្រុមគ្រួសារជនរងគ្រោះ។