លោកប្រធានាធិបតី Donald Trump បានលើកឡើងថា លោកអាចនឹងបន្ធូរបន្ថយពន្ធលើទំនិញចិននាពេលអនាគត ដោយទទួលស្គាល់ថា អត្រាបច្ចុប្បន្នបាននាំពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនឈានដល់ការជាប់គាំង។

ពន្ធដ៏ច្រើន ដែលខ្លះឈានដល់ ១៤៥ % លើការនាំចូលពីប្រទេសចិន ត្រូវបានវាយបកវិញជាមួយនឹងពន្ធទៅវិញទៅមកឬ ពន្ធបដិការ រហូតដល់១២៥% លើទំនិញអាមេរិក។ វិធានការសងសឹកគ្នាទៅវិញទៅមកទាំងនេះបានធ្វើឱ្យទីផ្សារចលាចលខ្លាំង និងបានបង្កើនការព្រួយបារម្ភអំពីការកើនឡើងតម្លៃលើផលិតផលប្រើប្រាស់សំខាន់ៗដូចជា ប្រដាប់ក្មេងលេង សម្លៀកបំពាក់ និងគ្រឿងម៉ាស៊ីនឧស្សាហកម្មជាដើម។

លោក Trump បាននិយាយក្នុងបទសម្ភាសន៍តាមទូរទស្សន៍ដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យក្នុងកម្មវិធី Meet the Press ជាមួយអ្នកសម្របសម្រួលកម្មវិធីលោកស្រី Kristen Welker របស់ទូរទស្សន៍ NBC ថា នៅពេលណាមួយ លោកនឹងបន្ថយពន្ធទាំងនោះ ព្រោះបើមិនដូច្នេះទេ អ្នកមិនអាចធ្វើជំនួញជាមួយពួកគេបានទេ ហើយពួកគេចង់ធ្វើអាជីវកម្មខ្លាំងណាស់ ។

ក្រសួងពាណិជ្ជកម្មបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីក្រុងប៉េកាំងកំពុងវាយតម្លៃលើបំណងចរចារបស់អាមេរិក ហើយទីក្រុងវ៉ាស៊ីនតោន គួរតែត្រៀមចាត់វិធានការកែតម្រូវការអនុវត្តដ៏ខុសឆ្គង និងលុបចោលពន្ធឯកតោភាគីរបស់ខ្លួន ដោយបន្ថែមថា អាមេរិកត្រូវបង្ហាញភាពស្មោះត្រង់ក្នុងការចរចា។
ចិន និយាយដដែលៗថា ទ្វារចរចានៅតែបើកចំហជានិច្ចជាមួយសហរដ្ឋអាមេរិក តែបើនៅតែចង់តតាំងទៀត នោះចិននឹងកំដរដល់ទីបញ្ចប់៕