របាយការណ៍ព័ត៌មានមួយបាននិយាយកាលពីថ្ងៃអាទិត្យ (០៤ ឧសភា) ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននឹងកំពុងប្រាប់សហការីរបស់លោកជាឯកជនថា លោកមានការខកចិត្តជាខ្លាំងចំពោះគោលនយោបាយមជ្ឈិមបូព៌ារបស់លោកប្រធានាធិបតីអាមេរិក Donald Trump។

យោងតាមសារព័ត៌មានអ៊ីស្រាអែល Hayom daily បានឱ្យដឹងថា លោក Netanyahu បានប្រាប់ក្រុមមន្រ្តីជំនិតរបស់លោកថា លោក Trump និយាយរឿងត្រឹមត្រូវ ជាពិសេសលើស៊ីរី និងអ៊ីរ៉ង់ នៅក្នុងកិច្ចប្រជុំទ្វេភាគី ប៉ុន្តែសកម្មភាពរបស់មេដឹកនាំអាមេរិករូបនេះគឺជាបញ្ហាមួយផ្សេងទៀត។

ក្នុងចំណោមក្ដីបារម្ភេជាច្រើន រាប់ចាប់ពីការគាំទ្ររបស់លោក Trump ចំពោះប្រធានាធិបតីទួរគី រហូតដល់ការដកតំណែងទីប្រឹក្សាសន្តិសុខជាតិអាមេរិកថ្មីៗនេះ លោក Netanyahu ក៏ព្រួយបារម្ភផងដែរចំពោះការសម្រេចចិត្តរបស់លោក Trump ក្នុងការបើកកិច្ចចរចានុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ ដែលបានប្រកាសនៅក្នុងកិច្ចប្រជុំសេតវិមាន និងសម្បទានដែលសន្មតថាធ្វើឡើងដោយរដ្ឋបាលលោក Trump ជាមួយនឹងការបានមកវិញតិចតួច។
កាលពីខែមុន លោក Trump បាននិយាយបន្ទាប់ពីកិច្ចពិភាក្សាតាមទូរសព្ទជាមួយលោក Netanyahu ថា មេដឹកនាំទាំងពីរ "គឺឈរនៅជំហរដូចគ្នានៃបញ្ហាទាំងអស់"។ ប៉ុន្តែរបាយការណ៍ជាច្រើនបានបង្ហាញពីគម្លាតកាន់តែខ្លាំងឡើងរវាងជំហររបស់អាមេរិក-អ៊ីស្រាអែល លើបញ្ហាសំខាន់ៗ រួមទាំងការវាយប្រហារលើអ៊ីរ៉ង់ ឬការអនុញ្ញាតឱ្យផ្តល់ជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ដោយប្រភពនិយាយថា លោក Netanyahu មិនចង់រិះគន់ប្រធានាធិបតីអាមេរិករូបនេះជាសាធារណៈទេ៕