ក្រុមបាតុកររាប់សិបនាក់ ប្រទេសហៃទី បានចេញតវ៉ាយ៉ាងខឹងសម្បារ ដោយដើរដង្ហែរនៅតំបន់ភ្នំនៃរដ្ឋធានីព័រអូប្រាំង កាលពីថ្ងៃអាទិត្យ (០៤ ឧសភា) ដើម្បីទាមទារសន្តិសុខបន្ថែម បញ្ចប់អំពើហិង្សាក្រុមជនអន្ធពាលជាបន្តបន្ទាប់ និងអំពាវនាវឱ្យរដ្ឋាភិបាលចាត់វិធានការ។

នេះជាការតវ៉ាចុងក្រោយបំផុតដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃកំហឹង និងការខកចិត្តចំពោះអំពើហិង្សា ខណៈក្រុមជនអន្ធពាលព្យាយាមវាយដណ្តើមការគ្រប់គ្រងពេញលេញនៃទីក្រុង ព័រអូប្រាំង។ ដោយគ្រវីទង់ជាតិហៃទីដ៏ធំ និងស្រែកតវ៉ា បាតុករបាននិយាយថា "រឿងតែមួយគត់ដែលពលរដ្ឋហៃទីចង់បាន គឺការធានាសន្តិសុខ"។ ពួកគេបន្ថែមថា ទឹកដីកាន់តែបាត់បង់ មនុស្សក៏ស្លាប់កាន់តែច្រើន ខណៈតួលេខអ្នកភៀសខ្លួនហក់ឡើងមិនឈប់ឈរ។
បាតុកម្មកាលពីថ្ងៃអាទិត្យនេះ កើតឡើងមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីមនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នានៅទីក្រុង ព័រអូប្រាំង ដើម្បីគោរពដល់វិញ្ញាណក្ខន្ធមេដឹកនាំសហគមន៍ជាច្រើននាក់ ដែលត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាជាមួយក្រុមជនអន្ធពាលប្រដាប់អាវុធនាពេលថ្មីៗនេះ។

បាតុកម្មថ្មីៗផ្សេងទៀតបានរិះគន់វិបត្តិដែលកំពុងកើនឡើងរបស់ប្រទេស ដោយមនុស្សជាង ១.៦០០នាក់បានស្លាប់ និង ៥៨០នាក់ផ្សេងទៀតបានរងរបួស ចាប់ពីខែមករា ដល់ខែមីនា នៃឆ្នាំនេះ៕