អតីតមន្ត្រីយោធា និងអ្នកជំនាញបាននិយាយថា ឥណ្ឌា និងប៉ាគីស្ថាន បានធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំងនូវសមត្ថភាពយោធារបស់ពួកគេ ចាប់តាំងពីប្រទេសជិតខាងអាវុធនុយក្លេអ៊ែរទាំងពីរ បានប៉ះទង្គិចគ្នាក្នុងឆ្នាំ២០១៩មក ដែលនេះបង្កឱ្យមានកំណើនហានិភ័យកាន់តែអាក្រក់នៃលទ្ធភាពជម្លោះ ទោះជាក្នុងកម្រិតតិចតួចក៏ដោយ។

ប៉ាគីស្ថាននិយាយថា ឥណ្ឌាមានផែនការលុកលុយយោធា បន្ទាប់ពីទីក្រុងញូវដេលី បានបន្ទោសទីក្រុងអ៊ីស្លាម៉ាបាដ ចំពោះការវាយប្រហារលើអ្នកទេសចរនៅតំបន់កាស្មៀរ របស់ឥណ្ឌាកាលពីខែមុន។ ប៉ាគីស្ថានបានបដិសេធថាមិនជាប់ពាក់ព័ន្ធឡើយ ប៉ុន្តែក៏ព្រមានថាខ្លួននឹងវាយបកវិញប្រសិនបើត្រូវគេកំណត់គោលដៅ។

អ្នកជំនាញខាងយោធាជាច្រើននិយាយថា ភាគីទាំងសងខាងនឹងមិនពិចារណាប្រើអាវុធនុយក្លេអ៊ែរទេ លុះត្រាតែអស់ជម្រើស ប៉ុន្តែសូម្បីតែជម្លោះក្នុងកម្រិតតិចតួចណាមួយ ក៏នឹងនាំមកនូវហានិភ័យដ៏អាក្រក់ដែរ។ ពួកគេនិយាយថា ជម្លោះបែបនេះទំនងជាពាក់ព័ន្ធនឹងយន្តហោះ មីស៊ីល ឬយានដ្រូន ដែលឥណ្ឌា និងប៉ាគីស្ថានមានសមត្ថភាពជិតស្និទ្ធគ្នា ខណៈធនធានដ៏ច្រើនរបស់ឥណ្ឌា នឹងធ្វើឱ្យខ្លួនទប់ទល់បានយូរជាងប៉ាគីស្ថាន។

គួររម្លឹកថា នៅឆ្នាំ២០១៩ ឥណ្ឌាបានវាយប្រហារតាមអាកាសនៅខាងក្នុងប៉ាគីស្ថាន បន្ទាប់ពីការទម្លាក់គ្រាប់បែកលើក្បួនរថយន្តយោធាឥណ្ឌា នៅតំបន់កាស្មៀរ ហើយនិយាយថា ខ្លួនបានបំផ្លាញ "ជំរំភេរវករ"។ យន្តហោះប៉ាគីស្ថាន បានវាយប្រហារតាមអាកាសសងសឹកវិញ និងបានបាញ់ទម្លាក់យន្តហោះឥណ្ឌាមួយគ្រឿង ហើយសកម្មភាពសងសឹកនោះរាលដាលខ្លាំងក្នុងរយៈពេលពីរថ្ងៃ៕