ប្រទេសអូស្ត្រាលី និងនូវែលសេឡង់ បាននិយាយនៅថ្ងៃចន្ទ (០៥ ឧសភា) នេះថា ពួកគេនឹងតស៊ូមតិសម្រាប់ឧស្សាហកម្មភាពយន្តរបស់ប្រទេសទាំងពីរ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រកាសយកពន្ធ ១០០% លើភាពយន្តដែលផលិតនៅក្រៅសហរដ្ឋអាមេរិក។

លោក Tony Burke រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់អូស្ត្រាលី បាននិយាយថា លោកបានពិភាក្សាជាមួយនឹងប្រមុខស្ថាប័នរដ្ឋាភិបាល ដែលទាក់ទងនឹងវិស័យភាពយន្តនៅអូស្ត្រាលី អំពីពន្ធសហរដ្ឋអាមេរិក ដែលបានស្នើឡើងនោះ។ នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Christopher Luxon បានប្រាប់សន្និសីទសារព័ត៌មានថា រដ្ឋាភិបាលកំពុងរង់ចាំព័ត៌មានលម្អិតបន្ថែមទៀតនៃពន្ធនេះ។

លោក Trump បានប្រកាសកាលពីថ្ងៃអាទិត្យ (០៤ ឧសភា) ពីការយកពន្ធ ១០០% លើភាពយន្តដែលផលិតនៅក្រៅសហរដ្ឋអាមេរិក ដោយនិយាយថា ឧស្សាហកម្មភាពយន្តអាមេរិក កំពុង "ស្លាប់បាត់យ៉ាងលឿន" ដោយសារតែការលើកទឹកចិត្ត ដែលប្រទេសផ្សេងទៀតកំពុងផ្តល់ជូនដើម្បីទាក់ទាញអ្នកផលិតភាពយន្តអាមេរិក។

លោក Trump មិនបានផ្តល់ព័ត៌មានលម្អិតអំពីការអនុវត្តពន្ធនោះទេ ហើយភ្លាមៗនេះ គេក៏មិនទាន់ដឹងច្បាស់ដែរថា តើវិធានការនោះនឹងកំណត់គោលដៅតែលើក្រុមហ៊ុនផលិតកម្មភាពយន្តបរទេស ឬក៏ដាក់ទាំងក្រុមហ៊ុនអាមេរិកដែលផលិតភាពយន្តនៅក្រៅប្រទេស៕