យោងតាមសារព័ត៌មានរដ្ឋ Global New Light of Myanmar បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ការបោសសម្អាតអគារដែលរងការបំផ្លាញដោយសារការរញ្ជួយដីដ៏ធំវាយប្រហារសហភាពមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ ខែមីនា បានបញ្ចប់ប្រមាណ៨០ភាគរយនៅក្នុងទីក្រុង Mandalay និងប្រហែល៥០ ភាគរយបានបញ្ចប់នៅក្នុងទីក្រុង Sagaing ។

នៅក្នុងទីក្រុង Mandalay ផ្លូវសំខាន់ៗដែលរងផលប៉ះពាល់ដោយការរញ្ជួយដី ត្រូវបានសម្អាតយកកម្ទេចកម្ទីចេញ ដើម្បីការពារឧបសគ្គ និងធានាបានសុវត្ថិភាពដល់អ្នកដំណើរ។

ទន្ទឹមនឹងនេះ នៅទីក្រុង Sagaing ប្រតិបត្តិការបោសសម្អាតនៅតែបន្តដោយប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ ដើម្បីយកកម្ទេចកម្ទីចេញពីសំណង់ធំៗ រួមទាំងមជ្ឈមណ្ឌលសិក្សាព្រះពុទ្ធសាសនា និងអគារសាសនាដែលស្ថិតនៅលើដីទីទួលខ្ពស់។ រហូតតមកដល់ពេលនេះ កិច្ចខិតខំប្រឹងប្រែងទាំងនេះ ទទួលបានលទ្ធផល៥០ភាគរយ។
ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ដឹកនាំដោយយោធា បាននិយាយថា មនុស្សជាង៣.៧៧០នាក់បានស្លាប់ ១០៦នាក់នៅបាត់ខ្លួន និង៥.១០៦នាក់ផ្សេងទៀតរងរបួស។