ស៊ីហ្គេម៖ វិស័យសារព័ត៌មានត្រូវបានចាត់ទុកជាផ្នែកមួយដ៏សំខាន់ ដើម្បីរួមចំណែកផ្សព្វផ្សាយដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ រហូតត្រូវបានឯកឧត្តម មីកាមិ ម៉ាសាហ៊ីរ៉ុ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាចាត់ទុកជាគន្លឹះនៃភាពជោគជ័យ ក្នុងដំណើរឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជានេះទៀតផង។

ការថ្លែងរបស់ឯកឧត្តមឯកអគ្គរាជទូតបានធ្វើឡើងក្នុងពិធីបិទវគ្គសិក្សាស្ដីពី «តួនាទីអ្នកសារព័ត៌មានកីឡា តាមរយៈបទពិសោធន៍ជនជាតិជប៉ុន» កាលពីថ្ងៃទី០៩ ខែធ្នូនេះ ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍នៃគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ផងដែរ។ ដោយយោងតាមបទពិសោធន៍នៃការធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកនាទីក្រុងតូក្យូដែលរៀបចំដោយគ្មានអ្នកទស្សនា តែធ្វើឲ្យពិភពលោកមានការចាប់អារម្មណ៍ខ្លាំងនោះ ឯកឧត្តមថា សុទ្ធតែមានការរួមចំណែកដ៏ធំពីវិស័យសារព័ត៌មាន។ ហេតុនេះទើបឯកឧត្តមហ៊ាននិយាយថា វិស័យសារព័ត៌មានគឺជាគន្លឹះនៃភាពជោគជ័យនៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ នៅកម្ពុជា ហើយការនិយាយបែបនេះគឺមិនមែនជាការបំផ្លើសឡើយ។
ឯកឧត្តមបណ្ឌិត ថោង ខុន បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះការរៀបចំវគ្គដ៏សំខាន់នេះ ចំពេលកម្ពុជាខ្វះខាតច្រើននូវអ្នកសារព័ត៌មានជំនាញវិជ្ជាជីវៈកីឡា។ ដូច្នេះឯកឧត្តមរំពឹងថា វគ្គនេះនឹងផ្ដល់នូវអត្ថប្រយោជន៍ច្រើនសម្រាប់អ្នកសារព័ត៌មានកីឡាកម្ពុជា ក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈជំនាញកីឡា ដើម្បីរួមចំណែកផ្ដល់ព័ត៌មានកីឡាជូនសារធារណជន ប្រកបដោយគុណភាពជំនាញកីឡាពិប្រាកដ ពិសេសរួមដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣។ គួរដឹងថា វគ្គសិក្សានេះសហការរៀបចំដោយមជ្ឈមណ្ឌលអាស៊ីមូលនិធិជប៉ុន និងក្លិបអ្នកកាសែតកម្ពុជា ដោយទទួលបានការគាំទ្រពេញទំហឹងពីគណៈកម្មាធិការជាតិ CAMSOC និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលមានសិក្ខាកាមចូលរួមជិត ១០០នាក់។ វគ្គនេះបែងចែកជា ២វគ្គ ដោយវគ្គទី១ សិក្សារយៈពេល ៤ថ្ងៃពីថ្ងៃទី០១-០៤ ខែវិច្ឆិកា និងវគ្គទី២ សិក្សាពីថ្ងៃទី០៦-០៩ ខែធ្នូ ឆ្នាំ២០២១ នេះនៅទីស្នាក់ការ NOCC៕
អត្ថបទ លី ឈុនឡា, រូបភាព គង់ ហន ៕