រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Aziz Nasirzadeh បាននិយាយនៅលើកញ្ចក់ទូរទស្សន៍ IRIB TV ថា ប្រទេសអ៊ីរ៉ង់ បានបាញ់សាកល្បងមីស៊ីលបាលីស្ទីកថ្មី ដែលមានរយៈចម្ងាយ ១.២០០គីឡូម៉ែត្រ ដោយជោគជ័យ។
យោងតាមលោក បានឲ្យដឹងថា មីស៊ីលនេះ «ត្រូវបានបាញ់ចេញពីចម្ងាយជាង ១.២០០គីឡូម៉ែត្រ» ដោយវាអាចចាប់ និងវាយប្រហារចំគោលដៅបានយ៉ាងជាក់លាក់ ហើយអាចទប់ទល់នឹងការជ្រៀតជ្រែក ពីសត្រូវ។
លោក Nasirzadeh បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់មានឃ្លាំងផ្ទុកមីស៊ីលដ៏សំខាន់ ហើយបានត្រៀមរួចជាស្រេចក្នុងការប្រើប្រាស់ពួកវា «ដោយគ្មានការស្ទាក់ស្ទើរ» ក្នុងករណីមានការឈ្លានពាន។

កាលពីថ្ងៃទី ១៩ ខែមេសា ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា អ៊ីស្រាអែលបានបង្ហាញដល់ សហរដ្ឋអាមេរិកនូវជម្រើសជាច្រើនសម្រាប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរអ៊ីរ៉ង់។
កាលពីថ្ងៃទី ១៧ ខែមេសា សារព័ត៌មាន New York Times បានរាយការណ៍ដោយដកស្រង់ប្រភពថា អ៊ីស្រាអែល កំពុងរៀបចំវាយប្រហារទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ក្នុងខែឧសភា ហើយត្រូវបានគេជឿជាក់ថា សហរដ្ឋអាមេរិក នឹងចូលរួមយ៉ាងសកម្ម ក្នុងការរៀបចំការវាយប្រហារ និងការពារអ៊ីស្រាអែល ពីការវាយប្រហារសងសឹក ដែលអាចធ្វើឡើងដោយទីក្រុងតេអេរ៉ង់។ យោងតាមកាសែតនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាប់ផ្ដើមដំណោះស្រាយការទូតអំពីភាពខ្វែងគំនិតគ្នា ជាមួយអ៊ីរ៉ង់ ហើយកាលពីដើមខែមេសា បានជូនដំណឹងដល់អ៊ីស្រាអែលថា លោកនឹងមិនគាំទ្រប្រតិបត្តិការយោធាបែបនេះទេ។
