មេដឹកនាំបក្សប្រឆាំងនិយមជ្រុលរ៉ូម៉ានី ដែលបានសម្របខ្លួនជាមួយនឹងគោលនយោបាយរបស់លោក Donald Trump បានទទួលជ័យជម្នះ នៅជុំទី ១ នៃការបោះឆ្នោតប្រធានាធិបតីដែលរៀបចំឡើងវិញ ដោយបានផ្ដល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរស្ថាប័នបក្សកាន់អំណាចរបស់ប្រទេស នៅសមុទ្រខ្មៅ ចំពេលមានកំហឹង ចំពោះអំពើពុករលួយ និងភាពក្រីក្រដែលមានមិនដាច់។

កាលពីថ្ងៃអាទិត្យ (ទី៤ ខែឧសភា) អាជ្ញាធររៀបចំការបោះឆ្នោតរបស់ប្រទេសរូម៉ានី បានឲ្យដឹងថា លោក George Simion នៃសម្ព័ន្ធជាតិនិយមជ្រុល សម្រាប់សហភាពរ៉ូម៉ានី (AUR) ទទួលបានសំឡេងគាំទ្រ ៤០,២ភាគរយនៃការបោះឆ្នោត ដោយទីតាំងបោះឆ្នោត ៨៨ភាគរយត្រូវបានរាប់។ អតីតមេដឹកនាំគណបក្សសេរីនិយម លោក Crin Antonescu ដែលគាំទ្រដោយគណបក្សសំខាន់ៗ មានសំឡេងគាំទ្រ ២១,២ភាគរយ ខណៈដែលអភិបាលក្រុងប៊ុយការ៉េស (Bucharest) លោក Nicusor Dan ទទួលបាន ១៩ភាគរយ តែដោយការបោះឆ្នោតពីតំបន់ជាយក្រុង និងជនភៀសខ្លួនរូម៉ានី មិនទាន់បានរាប់ ដូច្នេះ លទ្ធផលចុងក្រោយនៅតែមិនទាន់ច្បាស់លាស់នៅឡើយទេ។
គួរបញ្ជាក់ថា ការប្រកួតប្រជែងនេះ គឺជាការប៉ុនប៉ងលើកទី២ ដើម្បីជ្រើសរើសប្រធានាធិបតី បន្ទាប់ពីជ័យជម្នះដ៏គួរឲ្យភ្ញាក់ផ្អើលនៃបេក្ខជនស្ដាំនិយមជ្រុល នៅឆ្នាំ២០២៤ បានជំរុញឲ្យមានការចោទប្រកាន់ អំពីការជ្រៀតជ្រែករបស់វិមានក្រឹមឡាំង និងការសម្រេចលុបចោលលទ្ធផលបោះឆ្នោតរបស់តុលាការជាន់ខ្ពស់។ ជ័យជម្នះជុំទី១ ដែលមិននឹកស្មានដល់ក្នុងខែវិច្ឆិការបស់លោក Calin Georgescu ដែលត្រូវបានហាមឃាត់មិនឲ្យឈរឈ្មោះប្រកួត ក្នុងការបោះឆ្នោត កាលពីថ្ងៃទី៤ ខែឧសភា បានជំរុញឲ្យមានវិបត្តិនយោបាយដ៏ធំបំផុត នៅរូម៉ានី ចាប់តាំងពីការដួលរលំនៃលទ្ធិកុម្មុយនីស្ត។
លោក Simion បានជឿថា ជ័យជម្នះនេះ បានមកដោយសារកត្តាប្រឆាំងនឹងភាពក្រីក្រដ៏យូរអង្វែង ដែលបានជំរុញឲ្យប្រជាជនរ៉ូម៉ានីរាប់លាននាក់ចេញពីប្រទេសទៅស្វែងរកការងារ។ ជាមួយគ្នានេះ លោកបានបន្ថែមថា លោកក៏ទទួលបានអត្ថប្រយោជន៍ផងដែរពីការខ្វះនូវការអះអាងរបស់រដ្ឋាភិបាលបច្ចុប្បន្ន ក្នុងការការពារផលប្រយោជន៍របស់រូម៉ានី នៅក្នុងសហភាពអឺរ៉ុប និងបញ្ហាផ្សេងៗទៀត៕
