លោក Vadim Krasnoselsky ប្រធានាធិបតីនៃសាធារណរដ្ឋត្រែននីស្ទ្រា (Transnistria) ដែលគ្មានការទទួលស្គាល់បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន TASS ថា ជម្លោះប្រដាប់អាវុធនៅតំបន់Transnistria នឹងមានន័យថា ជាការប្រឈមមុខគ្នាដោយផ្ទាល់រវាងរុស្ស៊ី និងអង្គការណាតូ។
«សង្រ្គាមនៅតំបន់់ Transnistria មានន័យថា ជាជម្លោះផ្ទាល់រវាងរុស្ស៊ី និងណាតូ។ ខ្ញុំមិនមានការសង្ស័យបន្តិចអំពីវាទេ។ អ្វីគ្រប់យ៉ាង គឺមានការពាក់ព័ន្ធគ្នាយ៉ាងជិតស្និទ្ធនៅទីនេះ។ ទាំងប្រទេសរូម៉ានី ដែលជាសមាជិកណាតូ និងសហព័ន្ធរុស្ស៊ី មានផលប្រយោជន៍ នៅទីនេះ»។

លោក Krasnoselsky បានចង្អុលបង្ហាញថា៖«មានពលរដ្ឋរុស្ស៊ី ២២០.0000នាក់ រស់នៅទីនេះ។ កងរក្សាសន្តិភាពរុស្ស៊ី កំពុងបំពេញបេសកកម្ម នៅទីនេះ ដោយផ្អែកលើអាណត្តិអន្តរជាតិ ដែលផ្តល់សិទ្ធិឲ្យពួកគេ ដើម្បីការពារខ្លួន និងប្រជាជនក្នុងតំបន់នេះ ដោយមិនគិតពីសញ្ជាតិនោះទេ។ នេះគឺជាមូលហេតុដែលអ្នកដែលនិយាយអំពីការបង្កហេតុដែលអាចកើតមាន ដែលហៅថា ជាជំនួយដល់ប្រទេសម៉ុលដាវី នៅក្នុងតំបន់ Transnistria តាមពិត គឺគ្រាន់តែរុញច្រានប្រទេសម៉ុលដាវីឆ្ពោះ ធ្លាក់ទៅក្នុងភាពវឹកវរ អណ្តាតភ្លើងនៃសង្រ្គាម និងការបង្ហូរឈាម» ដោយអត្ថាធិប្បាយអំពីសំណើរបស់អ្នកនយោបាយអ៊ុយក្រែនមួយចំនួនសម្រាប់កងទ័ពអ៊ុយក្រែន ដើម្បីជួយទីក្រុង Chisinau ដោះស្រាយបញ្ហានេះ ដែលលោកនាយករដ្ឋមន្ត្រី Dorinov បានច្រានចោល នាពេលមុននេះ។
មេដឹកនាំនៃសាធារណរដ្ឋត្រែននីស្ទ្រារូបនេះ បាននិយាយថា ប្រហែលជាសង្គ្រាមនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់នរណាម្នាក់ ក្នុងរយៈពេលខ្លី ប៉ុន្តែខ្ញុំមិនគិតថា ប្រទេសម៉ូលដាវី នឹងទទួលបានអត្ថប្រយោជន៍ពីវានោះទេ។ នេះគឺជាមូលហេតុដែលលោក Recean បាននិយាយយ៉ាងត្រឹមត្រូវ ហើយខ្ញុំគាំទ្រលោក ក្នុងរឿងនេះ ដែលបញ្ហាទាំងអស់រវាងម៉ូលដាវី និងត្រែននីស្ទ្រា ត្រូវតែដោះស្រាយដោយសន្តិវិធីតែប៉ុណ្ណោះ។ យើងបានឃើញការវិវឌ្ឍដ៏បង្ហូរឈាមរួចហើយ ហើយយើងមិនត្រូវត្រឡប់ទៅរកភាពវឹកវរបែបនោះទេ។
លោក Krasnoselsky បានសង្កត់ធ្ងន់ថា សាធារណរដ្ឋត្រែននីស្ទ្រា មិនដែលគំរាមកំហែងនរណាម្នាក់ ហើយក៏មិនមែនជាប្រភពនៃអរិភាពយោធាដែរ។
