នៅក្នុងបទសម្ភាសន៍ពាក់ព័ន្ធនឹងបញ្ហាជាច្រើនជាមួយអ្នកសម្របសម្រួល គឺពិធិការិនី Kristen Welker របស់ប្រព័ន្ធផ្សព្វផ្សាយ NBC News នៅឯគេហដ្ឋាន Mar-a-Lago របស់លោក ក្នុងរដ្ឋ Florida ប្រធានាធិបតី Donald Trump បាននិយាយសម្រាលដល់ការភ័យខ្លាចរបស់អ្នករិះគន់លើរូបលោក ដោយរាប់ចាប់ពីផលប៉ះពាល់ដែលអាចកើតមានលើវិបត្តិសេដ្ឋកិច្ច រហូតដល់ការព្រួយបារម្ភ អំពីតម្លៃទំនិញឡើងខ្ពស់ ដោយសារតែអត្រាពន្ធរបស់លោក។

បទសម្ភាសន៍ដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យ (ទី៤ ខែឧសភា) គ្របដណ្ដប់លើវិធានការនៃ ១០០ថ្ងៃដំបូងរបស់លោក នៅក្នុងតំណែង និងអ្វីដែលលោករំពឹងថា នឹងសម្រេចបាននៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ជុំវិញសេដ្ឋកិច្ច គោលនយោបាយការបរទេស គោលនយោបាយអន្តោប្រវេសន៍ និងសង្គម។ លោកក៏បានឆ្លុះបញ្ចាំងពីចលនា Make America Great America (ធ្វើឲ្យអាមេរិកអស្ចារ្យម្ដងទៀត) របស់លោកដែលជួយឲ្យលោកបានត្រលប់ទៅសេតវិមានវិញ បន្ទាប់ពីការបរាជ័យ ក្នុងឆ្នាំ២០២០ ហើយបានបង្ហាញទំនុកចិត្តថា វានឹងនៅតែមានដដែលលើសពីអាណត្តិរបស់លោក។
ស្របពេលដែលប្រជាប្រិយភាពរបស់លោកបានធ្លាក់ចុះ ចំពេលមានការកើនឡើងនូវវិធានការប្រតិបត្តិ ដែលបានសាកល្បងការកំណត់របស់រដ្ឋធម្មនុញ្ញ ចំពោះអំណាចប្រធានាធិបតី ពាក់ព័ន្ធនឹងកម្រិត និងវិសាលភាពរបស់រដ្ឋាភិបាល ការការពារផ្នែកច្បាប់លើអ្នកមិនមែនជាពលរដ្ឋអាមេរិក និងការផ្តន្ទាទោសលើអ្នកប្រឆាំងនយោបាយ លោកTrump បានច្រានចោលការព្រួយបារម្ភ អំពីការកើនឡើងនូវតម្លៃទំនិញ បន្ទាប់ពីមានកម្មវិធីពង្រីកវិធានការពន្ធរបស់លោក៕
