ភ្នំពេញ៖ នគរបាលបានឱ្យដឹងថា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ មានគ្រោះអគ្គិភ័យចំនួន២លើក បានឆាបឆេះផ្ទះប្រជាពលរដ្ឋ។ គ្រោះអគ្គិភ័យលើកទី១ បានកើតឡើងនៅវេលាម៉ោង៦ និង៣០នាទីព្រឹក ត្រង់តំបន់សំណង់មិនរៀបរយស្របតាមផ្លូវរថភ្លើង ស្ថិតក្នុងក្រុម៣៤ ក្រុម៣៥ និងក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ អគ្គិភ័យនេះបានឆាបឆេះរយៈពេលជិត២ម៉ោង និងបានបំផ្លិចបំផ្លាញផ្ទះប្រជាពលរដ្ឋសរុបចំនួន ៨០ខ្នងផ្ទះ ដោយមិនមានគ្រោះថ្នាក់ដល់មនុស្សនោះទេ។ គ្រោះអគ្គីភ័យនេះ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី។
នគរបាលបន្ថែមថា ក្រោយមកនៅវេលាម៉ោង៨ និង១៥នាទីព្រឹកថ្ងៃដដែលនេះ គ្រោះអគ្គិភ័យមួយលើកទៀតបានកើតឡើងនៅតំបន់សំណង់មិនរៀបរយជាប់មាត់ទន្លេសាប ក្បែរផ្លូវជាតិលេខ៥ ស្ថិតក្នុងក្រុម៥ ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ដោយបានបំផ្លិចបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន១៧ខ្នងផ្ទះ ហើយគ្រោះអគ្គិភ័យនេះ ក៏បណ្ដាលមកពីឆ្លងចរន្តអគ្គិភ័យដែរ ។
សមត្ថកិច្ច បានឱ្យដឹងទៀតថា គ្រោះអគ្គិភ័យលើកទី២នេះ មិនបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ។ គ្រោះអគ្គីភ័យទាំង២លើកនេះ នគរបាលបង្ការ និងពន្លត់អគ្គិភ័យ និងក្រុមហ៊ុនឯកជនជាច្រើនបានចេញរថយន្តពន្លត់អគ្គិភ័យបាញ់ទឹកអន្តរាគមន៍ជាបន្តបន្ទាប់ផងដែរ៕
អត្ថបទ៖ ក្រុមសន្តិសុខ



