ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការជាតិសន្តិសុខលម្ហសមុទ្រ បានអញ្ជើញដឹកនាំប្រតិភូកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ ចូលរួមពិព័រណ៍ការពារជាតិសន្តិសុខលម្ហសមុទ្រអន្តរជាតិអាស៊ី (IMDEX) និងសន្និសីទលម្ហសមុទ្រអន្តរជាតិ(IMSC) នៅប្រទេសសិង្ហបុរី រយៈពេលបួនថ្ងៃ គឺចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥នេះ។
បើតាមឧត្តមនាវីឯក សំ សុខា អ្នកនាំពាក្យកងទ័ពជើងទឹកបានឲ្យដឹងថា ពិព័រណ៍ការពារជាតិសន្តិសុខលម្ហសមុទ្រអន្តរជាតិអាស៊ី និងសន្និសីទលម្ហសមុទ្រ(IMDEX ASIA 2025) គឺជាព្រឹត្តិការណ៍ការពារដែនសមុទ្រ និងដែនសមុទ្រឈានមុខគេរបស់អាស៊ី ប៉ាស៊ីហ្វិក។ ការពិព័រណ៍ការពារជាតិសន្តិសុខលម្ហសមុទ្រអន្តរជាតិអាស៊ី និងសន្និសីទលម្ហសមុទ្រនេះបានបង្កើតឡើងជាលើកដំបូងរបស់ខ្លួននៅក្នុងឆ្នាំ ១៩៩៧ ហើយក្លាយទៅជាវេទិកាសម្រាប់អាជីវកម្មនៃសមុទ្រដើម្បីបង្ហាញនាវា ប្រព័ន្ធការពារជាតិ និងបច្ចេកវិទ្យាទំនើបៗ។ ឧត្តមនាវីឯក សំ សុខា បានឲ្យដឹងទៀតថាព្រឹត្តិការណ៍តាំងពិព័រណ៍សម្រាប់ឆ្នាំ២០២៥នេះ នឹងមានគណៈប្រតិភូចូលរួមមកពីប្រទេសជាង៤០ហើយនាវាចម្បាំងធំៗចូលរួមដាក់ពិព័រណ៍ចំនួន២២គ្រឿង រួមទាំងយុទ្ធោបករណ៍ទំនើបៗជាច្រើនទៀតផងដែរ៕ អត្ថបទ៖ បាន ចក់





