ទីប្រឹក្សារបស់លោក អាបាស លោក Mahmoud al-Habbash បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASSថា ប្រធានអាជ្ញាធរប៉ាឡេស្ទីនលោក ម៉ាខ្មូដ អាបាស ( Mahmoud Abbas) គ្រោងនឹងពិភាក្សាអំពីទំនាក់ទំនងជាមួយទីក្រុងមូស្គូ និងស្ថានភាពនៅតំបន់ហ្កាហ្សាស្ទ្រីប ក្នុងជំនួបជាមួយមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី ១០ ខែឧសភា។

លោក បាននិយាយ៉ាងលម្អិតថា៖«កិច្ចប្រជុំនេះ នឹងផ្តល់ឱកាសឱ្យភាគីនានាពិភាក្សាអំពីវិធីពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេស ដោយសារតែមានទំនាក់ទំនងជាប្រវត្តិសាស្ត្រយ៉ាងជិតស្និទ្ធ រវាងប៉ាឡេស្ទីន និងរុស្ស៊ី។ លោក អាបាស ក៏នឹងផ្តល់សេចក្តីលម្អិតដល់ភាគីម្ចាស់ផ្ទះស្តីពីការវិវឌ្ឍថ្មីៗនៅប៉ាឡេស្ទីន ទាក់ទងនឹងការឈ្លានពានដែលកំពុងបន្តរបស់អ៊ីស្រាអែលប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន ជាពិសេសនៅតំបន់ហ្កាហ្សាស្ទ្រីប និងការដំណោះស្រាយបញ្ហានានា ដែលបុព្វហេតុប៉ាឡេស្ទីនកំពុងប្រឈមផងដែរ។
នាពេលមុននេះ ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំនៅរុស្ស៊ី លោក Abdel Hafiz Nofal បានប្រាប់សារព័ត៌មាន Izvestia daily ថា លោក អាបាស ដែលនឹងមកដល់រុស្ស៊ី នៅថ្ងៃទី ០៨ ខែឧសភា រំពឹងថា នឹងជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ( Vladimir Putin) នៅថ្ងៃទី ១០ ខែឧសភា។ យោងតាមលោក al-Habbash មេដឹកនាំប៉ាឡេស្ទីនរូបនេះ «នឹងអបអរសាទរលោក ពូទីន នៅថ្ងៃជ័យជម្នះ។
មេដឹកនាំទាំងពីរ បានជួបគ្នាចុងក្រោយនៅខាងក្រៅកិច្ចប្រជុំកំពូលរបស់ក្រុមប្រទេស BRICS នៅទីក្រុង Kazan នៃប្រទេសរុស្ស៊ី ក្នុងខែតុលា ឆ្នាំ ២០២៤។
