អតីតមន្ត្រីយោធា និងអ្នកជំនាញបានលើកឡើងថា ប្រទេសឥណ្ឌា និងប៉ាគីស្ថាន បានធ្វើឲ្យសមត្ថភាពយោធារបស់ពួកគេកាន់តែប្រសើរជាងមុន គិតចាប់តាំងពីប្រទេសជិតខាងទាំង២ ដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរ បានប៉ះទង្គិចគ្នាក្នុងឆ្នាំ២០១៩ ជាអ្វីដែលបង្កឲ្យមានគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរជាងមុន សូម្បីតែនៅក្នុងជម្លោះទ្រង់ទ្រាយតូចក៏ដោយ។
ប្រទេសប៉ាគីស្ថានអះអាងថា ឥណ្ឌាមានផែនការលុកលុយដោយយោធា បន្ទាប់ពីទីក្រុងញូវដេលីបានស្តីបន្ទោសទីក្រុងអ៊ីស្លាម៉ាបាដថា បានវាយប្រហារដ៏សាហាវយង់ឃ្នងទៅលើអ្នកទេសចរ នៅក្នុងតំបន់កាស្មៀររបស់ឥណ្ឌាកាលពីខែមុន។ នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បានប្តេជ្ញាដាក់ទណ្ឌកម្មអ្នកគាំទ្រដល់ការវាយប្រហារនោះ «ឲ្យលើសពីអ្វីដែលពួកគេគិត»។ ប៉ាគីស្ថានបានបដិសេធថា ខ្លួនមិនបានជាប់ពាក់ព័ន្ធនឹងការវាយប្រហារនេះទេ ប៉ុន្តែបានព្រមានថា ការវាយបកវិញនឹងកើតមានឡើង ប្រសិនបើខ្លួនត្រូវបានកំណត់គោលដៅ។

ក្នុងឆ្នាំ២០១៩ ឥណ្ឌាបានធ្វើការវាយប្រហារតាមអាកាសនៅខាងក្នុងដែនដីប៉ាគីស្ថាន បន្ទាប់ពីមានហេតុការណ៍បំផ្ទុះគ្រាប់បែកលើក្បួនរថយន្តយោធាឥណ្ឌា នៅតំបន់កាស្មៀរ ហើយបានប្រាប់ថា ខ្លួនបានបំផ្លាញ «ជំរុំភេរវករ»។ យន្តហោះប៉ាគីស្ថានបានធ្វើការវាយប្រហារតាមអាកាសសងសឹកវិញ និងបានបាញ់ទម្លាក់យន្តហោះឥណ្ឌា ១គ្រឿង អំឡុងពេលមានវិធានការគ្រប់ទីកន្លែងក្នុងរយៈពេល ២ថ្ងៃ។
ប្រទេសជិតខាងទាំង២ បានធ្វើសង្គ្រាមជាមួយគ្នាចំនួន ៣ដង គឺក្នុងឆ្នាំ១៩៤៨ ១៩៦៥ និង១៩៧១ ហើយបានប៉ះទង្គិចគ្នារាប់មិនអស់ជាច្រើនលើក គិតចាប់តាំងពីទទួលបានឯករាជ្យ ដោយភាគច្រើននៅតំបន់កាស្មៀរដែលប្រទេសទាំង២ ទាមទារកាន់កាប់។ ប្រទេសទាំង២ មានអាវុធនុយក្លេអ៊ែរ ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ហើយតំបន់កាស្មៀរត្រូវបានចាត់ទុកថា ជាចំណុចដែលមានគ្រោះថ្នាក់បំផុតមួយ នៅក្នុងពិភពលោក។
អ្នកជំនាញខាងយោធា លើកឡើងថា ភាគីទាំងសងខាង នឹងមិនពិចារណាប្រើប្រាស់អាវុធនុយក្លេអ៊ែរនោះទេ លុះត្រាណាតែត្រូវបានរុញឲ្យដល់ចំណុចទាល់ច្រក ប៉ុន្តែសូម្បីតែជម្លោះទ្រង់ទ្រាយតូច ក៏វានឹងនាំមកនូវហានិភ័យកាន់តែធ្ងន់ធ្ងរជាងមុនដែរ។ អ្នកជំនាញទាំងនោះប្រាប់ថា ជម្លោះបែបនេះ ទំនងជាពាក់ព័ន្ធនឹងយន្តហោះ មីស៊ីល ឬយានដ្រូន ដែលទាំងឥណ្ឌា និងប៉ាគីស្ថានត្រូវបានចាត់ទុកថា មានកម្រិតប្រហាក់ប្រហែលគ្នា ទោះបីជាធនធានដ៏ច្រើនរបស់ឥណ្ឌា នឹងផ្ដល់នូវភាពមានប្រៀបរយៈពេលវែងជាងក៏ដោយ៕


