មនុស្ស ២នាក់ បានស្លាប់ និងមនុស្សជាច្រើននាក់ផ្សេងទៀត បានរងរបួសកាលពីល្ងាចថ្ងៃអាទិត្យ នៅក្នុងហេតុការណ៍ផ្ទុះអាចជាការផ្ទុះហ្គាស និងបង្កជាអគ្គិភ័យនៅទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី ។
ការផ្ទុះនេះ បណ្តាលឲ្យខូចខាតប្លុកអគារផ្ទះល្វែង ហើយសាក្សីម្នាក់និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា សំឡេងផ្ទុះដូចជាសំឡេងផ្គរលាន់ ។

យោងតាមសេចក្តីរាយការណ៍ពីបណ្តាញព័ត៌មានសង្គមរុស្ស៊ី Telegram SHOT បានឲ្យដឹងថា មនុស្ស ២នាក់ដែលបានស្លាប់ រស់នៅក្នុងអគារផ្ទះល្វែង ជាទីដែលការផ្ទុះកើតឡើង ។
ក្រសួងសង្រ្គោះបន្ទាន់រុស្ស៊ី និយាយនៅលើបណ្តាញព័ត៌មានសង្គម Telegram ថា ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានពន្លត់ភ្លើងទាំងស្រុង ហើយមូលហេតុបណ្តាលឲ្យកើតមានហេតុការណ៍ផ្ទុះ កំពុងស្ថិតក្រោមការរស៊ើបអង្កេត ៕
