កាលពីថ្ងៃអាទិត្យម្សិលមិញ ប្រជាពលរដ្ឋប៉ាគីស្ថានរាប់ម៉ឺននាក់ បានជួបជុំគ្នានៅជិតចេតិយ Mazar-e-Quaid ស្ថិតក្នុងទីក្រុងការ៉ាឈី ដើម្បីបង្ហាញសាមគ្គីភាពជាមួយជនប៉ាឡេស្ទីន ស្របពេលដែលការវាយប្រហាររបស់អ៊ីស្រាអែលក្នុងតំបន់ហ្កាហ្សា បន្តកើនឡើង ។
បាតុកម្មនេះ ត្រូវបានរៀបចំឡើងដោយគណបក្សសាសនាឈានមុខគេ Ahle Sunnat Wal Jamaat (ASWJ)របស់ប៉ាគីស្ថាន និងបានទាក់ទាញមនុស្សយ៉ាងច្រើន ដោយពួកគេនាំគ្នាគ្រវីទង់ប៉ាឡេស្ទីន និងទង់គណបក្ស ស្រែកពាក្យស្លោកគាំទ្រតំបន់ហ្កាហ្សា ។ ក្រុមនយោបាយសាសនាផ្សេងៗជាច្រើនទៀត បានចូលរួមការដង្ហែរក្បួននេះផងដែរ ។

លោក Mufti Abid Mubarak គឺជាប្រធានគណបក្ស ASWJ បានអំពាវនាវឲ្យអង្គការសហប្រជាជាតិ(UN) បំពេញទំនួលខុសត្រូវរបស់ពួកគេ ដើម្បីការពារការឈ្លានពាន ជាជាងជំរុញការរងគ្រោះ ។
លោកបានថ្កោលទោសផងដែរ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបសម្រាប់តួនាទីរបស់ពួកគេនៅក្នុងជម្លោះ និងបានជំរុញក្រុមមេដឹកនាំមូស្លីម ធ្វើដោយភាពក្លាហាន និងការពារជនមូស្លីមនៅគ្រប់ទីកន្លែង ឲ្យតែពួកគេរងការវាយប្រហារ ។
សង្រ្គាមហ្កាហ្សា បានចាប់ផ្តើមឡើងកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស់លើតំបន់ភាគខាងត្បូងអ៊ីស្រាអែល ដោយបានសម្លាប់មនុស្ស ១.២០០នាក់ និងចាប់ចំណាប់ថ្នូរ ២៥១នាក់ ចូលទៅក្នុងតំបន់ហ្កាហ្សា ។
ចាប់តាំងពីពេលនោះ យុទ្ធនាការសឹកអ៊ីស្រាអែល បានសម្លាប់ជនប៉ាឡេស្ទីនជាង ៥២.៤៩៥នាក់ និងមនុស្ស ១១៨.៣៦៦នាក់ផ្សេងទៀត រងរបួសនៅតំបន់ហ្កាហ្សា ៕
