ម៉ិកស៊ិក៖ ក្រុមអាជ្ញាធរបានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ៥៣នាក់ភាគច្រើនជាជនអន្តោប្រវេសន៍អាមេរិកកណ្ដាលបានស្លាប់ និង ៥៤នាក់ទៀតរងរបួសនៅពេលរថយន្តដឹកទំនិញដែលកំពុងដឹកពួកគេបានក្រឡាប់ និងបុកស្ពានថ្មើរជើងនៅលើផ្លូវហាយវ៉េ ក្នុងប្រទេសម៉ិកស៊ិកភាគខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍ ក្នុងឧបទ្ទវហេតុមួយក្នុងចំណោមឧបទ្ទវហេតុដ៏ធ្ងន់ធ្ងរបំផុតជាច្រើន ដែលកើតលើមនុស្សដែលប្រថុយជីវិតដ៏គ្រោះថ្នាក់ឆ្លងចូលទៅឲ្យដល់ព្រំដែនសហរដ្ឋអាមេរិក។

ការិយាល័យរដ្ឋអាជ្ញាសហព័ន្ធបាននិយាយថា ការប៉ាន់ប្រមាណបឋមបានរាយបញ្ជីមនុស្សស្លាប់ចំនួន ៥៣នាក់ដោយក្នុងនោះ ៣នាក់បានរងរបួសស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវហាយវ៉េមួយ ឆ្ពោះទៅកាន់រដ្ឋធានីរដ្ឋ Chiapas។ ចំណែកប្រធានទីភ្នាក់ងារការពារជនស៊ីវិលក្រុង Chiapas លោក Luis Manuel Garcia បាននិយាយថា មនុស្សយ៉ាងហោចណាស់ ៥៨នាក់បានរងរបួសក្នុងនោះមានមនុស្សមួយចំនួនរងរបួសធ្ងន់។ លោកថា ជនរងគ្រោះរួមមានបុរស ស្ត្រី និងកុមារ។ ចំណែកសញ្ជាតិរបស់ពួកគេនៅមិនទាន់មានការបញ្ជាក់ទេ ប៉ុន្តែក្រុមមន្ត្រីក្នុងស្រុកបាននិយាយថា ភាគច្រើននៃពួកគេដែលនៅក្នុងរថយន្តនោះគឺជាជនអន្តោប្រវេសន៍មកពីប្រទេសហុងឌូរ៉ាស់ និងហ្គាតេម៉ាឡា។ រថយន្តនេះត្រូវគេរាយការណ៍ថា បានកំពុងបើកបរក្នុងល្បឿនលឿននៅពេលជួបឧបទ្ទវហេតុនោះ៕
អត្ថបទ៖ សុខមាន