ក្រុមហ៊ុនអាកាសចរណ៍ Lufthansa Group របស់អាល្លឺម៉ង់ និយាយនៅថ្ងៃចន្ទនេះថា ជើងហោះហើររបស់ខ្លួននឹងចៀសវាងដែនអាកាសប៉ាគីស្ថាន រហូតដល់មានការជូនដំណឹងបន្ថែមទៀត ដែលនឹងធ្វើឲ្យពួកគេចំណាពេលកាន់តែយូរតាមផ្លូវហោះហើរផ្សេងទៀត ។

យោងតាមទិន្នន័យទទួលបានពីគេហទំព័រតាមដានជើងហោះហើរ Flightradar24 បានឲ្យដឹងថា ជើងហោះហើរ LH760 របស់ក្រុមហ៊ុន Lufthansa ចេញពីទីក្រុង Frankfurt របស់អាល្លឺម៉ង់ ឆ្ពោះទៅកាន់ទីក្រុងញូវ ដែល្លី ប្រទេសឥណ្ឌា បានហោះហើររយៈពេលយូរជាងមុនជិត ១ម៉ោង កាលពីថ្ងៃអាទិត្យ ដោយសារផ្លូវឆ្ងាយជាងមុន ។
ក្រុមហ៊ុន Lufthansa និយាយនៅក្នុងសេចក្តីថ្លែងការណ៍ផ្ញើរជូនទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ក្រុមហ៊ុន Lufthansa Group នឹងបន្តតាមដានយ៉ាងដិតដល់ដំណើរវិវត្តន៍បច្ចុប្បន្ន ។
ខណៈពេលនោះដែរ សហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ និងចិន ដែលជាតួអង្គសំខាន់នៅក្នុងតំបន់ បានជំរុញឲ្យប៉ាគីស្ថាន និងឥណ្ឌា រម្ងាប់ភាពតានតឹង និងបង្ហាញភាពអត់ធ្មត់ ៕
