ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្សេឡិនស្គី (Volodymyr Zelensky) បាននិយាយកាលពីថ្ងៃអាទិត្យថា លោកមិនជឿថា រុស្ស៊ីនឹងប្រកាន់ខ្ជាប់នូវបទឈប់បាញ់រយៈពេល បីថ្ងៃ ដើម្បីស្របនឹងការប្រារព្ធទិវាជ័យជម្នះរបស់ក្រុងមូស្គូ នៅថ្ងៃទី ០៩ ខែឧសភាទេ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឲ្យមានបទឈប់បាញ់រយៈពេល បីថ្ងៃ ក្នុងអំឡុងពិធីរំលឹកខួបនៃការបញ្ចប់សង្គ្រាមលោកលើកទី ២ នៅអឺរ៉ុប ដោយនិយាយថា នេះ គឺជាតេស្តការត្រៀមខ្លួនរបស់ទីក្រុងគីវសម្រាប់បទឈប់បាញ់រយៈពេលវែង។

លោក ហ្សេឡិនស្គី បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយជាមួយប្រធានាធិបតីឆេកលោក Petr Pavelថា៖«ការធ្វើបែបនេះ មិនមែនជាបញ្ហាប្រឈមដំបូងឡើយ ហើយក៏មិនមែនជាការសន្យាដំបូងដែលធ្វើឡើងដោយរុស្ស៊ី ដើម្បីបញ្ឈប់ការបាញ់ប្រហារដែរ»។
លោក ហ្សេឡិនស្គី ដែលបានមកដល់ទីក្រុង Prague កាលពីថ្ងៃអាទិត្យសម្រាប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ដែលអមដោយភរិយារបស់ខ្លួន បាននិយាយថា៖«យើងយល់ថា យើងកំពុងដោះស្រាយជាមួយនរណា យើងមិនជឿពួកគេនោះទេ»។
