នៅពេលសួរពីលទ្ធភាពនៃជំនួបរវាងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត វិមានក្រឹមឡាំងនិយាយនៅថ្ងៃចន្ទនេះថា ជំនួបមួយនេះ គឺចាំបាច់ ប៉ុន្តែលោក Putin ពុំទាន់មានផែនការធ្វើដំណើរទៅកាន់តំបន់មជ្ឈិមបូព៌ានោះទេ នៅពាក់កណ្តាលខែឧសភានេះ ។
លោក Trumpដែលបានសន្យាចរចាភ្លាមៗ ដើម្បីបញ្ចប់សង្រ្គាមអ៊ុយក្រែន ក្រោយឡើងកាន់អំណាចឡើងវិញនោះ និយាយកាលពីចុងសប្តាហ៍កន្លងទៅថា លោក និងក្រុមទីប្រឹក្សារបស់លោកមាននូវកិច្ចពិភាក្សាដ៏ល្អជាមួយរុស្ស៊ី និងអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ។

នៅពេលសួរដោយក្រុមអ្នកសារព័ត៌មានពីសេចក្តីអត្ថាធិប្បាយរបស់លោក Trumpថាលោកអាចនឹងជួបលោក Putin អំឡុងដំណើរទស្សនកិច្ចទៅកាន់តំបន់មជ្ឈិមបូព៌ាក្នុងខែនេះ លោក Dmitry Peskov គឺជាអ្នកនាំពាក្យរបស់វិមានក្រឹមឡាំង និយាយថា មេដឹកនាំរុស្ស៊ីនៅមិនទាន់កំណត់ដំណើរទស្សនកិច្ចទៅកាន់ទីនោះទេ ប៉ុន្តែច្បាស់ណាស់ថា ជំនួបមួយនេះ អ្នកណាក៏ចង់បានដែរ ។
លោក Peskov និយាយទៀតថា តាមមធ្យោបាយជាច្រើន ពួកយើងគិតថា វាពិតជាសំខាន់ខ្លាំង ។ វាត្រូវតែរៀបចំឲ្យបានត្រឹមត្រូវ និងត្រូវការកិច្ចខិតខំកម្រិតអ្នកជំនាញជាច្រើន រួមទាំងការប្រាស្រ័យទាក់ទងបន្តរវាងទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែមកទល់នឹងពេលនេះ នៅមិនទាន់មានអ្វីច្បាស់លាស់នោះទេ ។
កាសែត Axios រាយការណ៍ថា លោក Trumpនឹងធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាតា និងអារ៉ាប់រួម ពេលក្រោយក្នុងខែនេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលជាមួយក្រុមមេដឹកនាំឈូងសមុទ្រ ។
លោក Putinមិនទាន់បានជួបប្រធានាធិបតីសហរដ្ឋអាមេរិកកំពុងកាន់តំណែងនោះទេ ចាប់តាំងពីលោកមាននូវជំនួបកំពូលក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីសកាលពីខែមិថុនា ឆ្នាំ ២០២១ ជាមួយអ្នកឡើងកាន់តំណែងមុនរបស់លោក Trump គឺលោក Joe Biden ៕
