សារព័ត៌មានរដ្ឋអ៊ីរ៉ង់ រាយការណ៍ថា កាលពីថ្ងៃអាទិត្យម្សិលមិញ អ៊ីរ៉ង់បានបង្ហាញមីស៊ីលបាលីស្ទិកឥន្ធនៈរឹងប្រភេទថ្មីឈ្មោះ “Qassem Bassir” ដែលមានរយៈចម្ងាយ ១.២០០គ.ម ។
រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Aziz Nasirzadeh បាននិយាយនៅលើកញ្ចក់ទូរទស្សន៍ IRIB TV ថា ប្រទេសអ៊ីរ៉ង់ បានបាញ់សាកល្បងមីស៊ីលបាលីស្ទីកថ្មី ដែលមានរយៈចម្ងាយ ១.២០០គ.ម ដោយជោគជ័យ ។
លោកថា មីស៊ីលនេះ បាញ់បានចម្ងាយជាង ១.២០០គ.ម ដោយវាអាចចាប់ និងវាយប្រហារចំគោលដៅបានយ៉ាងជាក់លាក់ ហើយអាចទប់ទល់នឹងការជ្រៀតជ្រែកពីសត្រូវ ។

លោក Nasirzadeh បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់មានឃ្លាំងផ្ទុកមីស៊ីលដ៏សំខាន់ ហើយបានត្រៀមរួចជាស្រេចក្នុងការប្រើប្រាស់ពួកវាដោយគ្មានការស្ទាក់ស្ទើរក្នុងករណីមានការឈ្លានពាន ។
លោកនិយាយទៀតថា ក្នុងករណីមានការវាយប្រហារណាមួយ អ៊ីរ៉ង់ត្រៀមខ្លួនរួចរាល់ក្នុងការឆ្លើយតបដោយប្រើកម្លាំង ។ អ៊ីរ៉ង់គ្នាអរិភាពចំពោះប្រទេសជិតខាងណាឡើយ ប៉ុន្តែមូលដ្ឋានទ័ពសហរដ្ឋអាមេរិកនៅក្នុងតំបន់ នឹងត្រូវចាត់ទុកថាជាគោលដៅដោយទីក្រុងតេអេរ៉ង់ ។
គួរឲ្យដឹងថា មីស៊ីល ១គ្រាប់បាញ់ដោយក្រុមឧទ្ទាមហ៊ូធីឆ្ពោះទៅកាន់អ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ បានធ្លាក់នៅជិតអាកាសយានដ្ឋានអន្តរជាតិ Ben Gurion បណ្តាលឲ្យមានភាពស្លន់ស្លោនៅក្នុងចំណោមអ្នកដំណើរ និងធ្វើឲ្យមានការគំរាមសងសឹកប្រឆាំងក្រុមឧទ្ទាមហ៊ូធី និងប្រទេសអ៊ីរ៉ង់ ។ មនុស្ស ៦នាក់ បានរងរបួស ហើយការហោះហើរត្រូវបានផ្អាកអស់មួយរយៈពេលខ្លី ។
ក្រុមឧទ្ទាមហ៊ូធីគាំទ្រដោយអ៊ីរ៉ង់ ប្រកាសទទួលស្គាល់ ដោយពួកគេនិយាយថា ពួកគេបានបាញ់មីស៊ីលបាលីស្ទិកល្បឿនលឿនជាងសំឡេង លើអាកាសយានដ្ឋាន Ben Gurion និងបានប្រមានវាយប្រហារ លើអាកាសយានដ្ឋានជាច្រើនទៀតរបស់អ៊ីស្រាអែល ៕
