ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងសារថា បច្ចុប្បន្នសិទ្ធិសេរីភាព សម្រាប់ប្រជាពលរដ្ឋកម្ពុជា គឺមានពេញលេញហើយសិទ្ធិសេរីភាពនេះ បានធ្វើឲ្យកម្ពុជាកាន់តែរីកចម្រើនជឿនលឿនទៅមុខមកដល់សព្វថ្ងៃនេះ។
ខណៈថ្ងៃនេះជាខួបលើកទី៧៣ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ១០ ធ្នូ១៩៤៨-១០ ធ្នូ ២០២១ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្ហោះសារនៅលើទំព័រសង្គមហ៊្វេសប៊ុកថា បច្ចុប្បន្នសិទ្ធិសេរីភាពគឺបានធ្វើឲ្យប្រជាពលរដ្ឋរស់នៅ និងប្រកបការងារតូចធំ ជ្រើសរើសជំនឿសាសនា និងសិទ្ធិបោះឆ្នោតជ្រើសតាំងមេដឹកនាំ ដែលខ្លួនពេញចិត្តដោយសេរី ហើយសិទ្ធិសេរីភាព ក៏បានធ្វើឲ្យកម្ពុជាកាន់ តែរីកចម្រើនជឿនលឿនទៅមុខ។
សម្ដេចបានរំលឹកថា កាលពីប្រទេសកម្ពុជាឋិតក្នុងរបបប៉ុល ពត គឺប្រជាពលរដ្ឋ គ្មានសិទ្ធិសេរីភាពអ្វីទាំងអស់ សូម្បីតែសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលទានអាហារ សិទ្ធិពិនិត្យព្យាបាលជំងឺ សិទ្ធិជំនឿសាសនា សិទ្ធិសិក្សាអប់រំ សិទ្ធិជ្រើសរើសតំណាង និងសិទ្ធិបញ្ចេញមតិ សិទ្ធិរៀបអាពាហ៍ពិពាហ៍ និងសិទ្ធិប្រកបការងារជាដើម ។ល។
សម្តេចតេជោ បានបន្តថា របបប្រល័យពូជសាសន៍ប៉ុល ពត បានដកហូតសិទ្ធិសេរីភាពទាំងអស់ ហើយបានបង្ខំឱ្យពលរដ្ឋទាំងក្មេងចាស់ប្រុសស្រីធ្វើការហួសកម្លាំង ឈឺស្លាប់ដោយគ្មានពេទ្យ និងថ្នាំព្យាបាល ព្រមទាំងបានបណ្ដាលឱ្យប្រជាពលរដ្ឋជាង ៣លាននាក់បានស្លាប់ ក្នុងរយៈពេលតែ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។
សម្តេចតេជោ បានបញ្ជាក់ថា សិទ្ធិសេរីភាពរបស់កម្ពុជា ដែលមានដូចពេលបច្ចុប្បន្ននេះ គឺត្រូវបានរំដោះយកមកវិញនៅក្រោយពេលដែលរបបប្រល័យពូជសាសន៍ប៉ុល ពត ត្រូវបានវាយផ្តួលរំលំទាំងស្រុងនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩៕
អត្ថបទ៖ មុត សុទ្ធ
