ប្រធានាធិបតីអាមេរិក លោក Donald Trump បានលើកឡើងថា រដ្ឋបាលរបស់លោកអាចឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសមួយចំនួនយ៉ាងឆាប់រហ័ស នៅក្នុងសប្តាហ៍នេះ ដោយបានផ្ដល់នូវការរំពឹងទុកពីការមានភាពធូរស្រាល សម្រាប់ដៃគូពាណិជ្ជកម្ម ដែលកំពុងប្រឹងប្រែងឲ្យចៀសផុតពីកាតព្វកិច្ចពន្ធនាំចូលដ៏ខ្ពស់របស់សហរដ្ឋអាមេរិក។
កាលពីថ្ងៃអាទិត្យ (ទី៤ ខែឧសភា) នៅពេលត្រូវបានសួរថា តើកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយ នឹងឈានដល់នៅក្នុងសប្តាហ៍នេះ លោក Trump បានប្រាប់អ្នកសារព័ត៌មានថា៖ «វាប្រហែលជាដំណើរការទៅល្អណាស់»។ តែលោកមិនបានបញ្ជាក់ឲ្យបានជាក់លាក់ពីប្រទេសណាមួយឡើយ។
លោក Trump បាននិយាយនៅលើយន្តហោះ Air Force One ថា៖ «យើងកំពុងចរចាជាមួយប្រទេសជាច្រើន ប៉ុន្តែនៅចុងបញ្ចប់ការចរចានេះ ខ្ញុំនឹងកំណត់កិច្ចព្រមព្រៀងដោយផ្ទាល់ខ្លួនខ្ញុំ ដោយសារតែខ្ញុំបានកំណត់កិច្ចព្រមព្រៀង ពួកគេមិនកំណត់កិច្ចព្រមព្រៀងនោះទេ»។ អ្នកបន្តសួរសំណួរដដែលថា តើអ្នកនឹងយល់ព្រមនៅពេលណា? វាអាស្រ័យលើខ្ញុំ វាមិនអាស្រ័យលើពួកគេទេ»។
ជាមួយគ្នានេះ លោក Trump ក៏បានផ្តល់សញ្ញាថា ជំនួយការរបស់លោកកំពុងមានការសន្ទនាជាមួយសមភាគីចិន ដែលជាគោលដៅធំបំផុតនៃគោលនយោបាយពាណិជ្ជកម្មរបស់លោក។ ប្រទេសចិនគឺជាគោលដៅនៃយុទ្ធនាការពន្ធរបស់លោក Trump ដែលនាំឲ្យទីក្រុងប៉េកាំងសងសឹកចំពោះកាតព្វកិច្ចពន្ធរបស់សហរដ្ឋអាមេរិកដែលឥឡូវនេះឡើងខ្ពស់ដល់ទៅ ១៤៥ភាគរយលើទំនិញចិន។
ប្រទេសចិន បាននិងកំពុងព្រលយពាក្យអំពីលទ្ធភាពនៃការផ្សះផ្សា ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈដែលលោក Trump បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ NBC News នៅក្នុងសេចក្តីអធិប្បាយដែលត្រូវបានផ្សាយកាលពីថ្ងៃទី៤ ខែឧសភាថា លោកមានឆន្ទៈក្នុងការកាត់បន្ថយអត្រាពន្ធរបស់សហរដ្ឋអាមេរិក នៅចំណុចណាមួយ៕