រដ្ឋបាលអាកាសធាតុរបស់កោះតៃវ៉ាន់ បានឲ្យដឹងថា រញ្ជួយដីកម្រិត ៥,៩រ៉ិចទ័រ បានកើតមាននៅម្ដុំឆ្នេរភាគខាងកើតនៃកោះនេះ នាថ្ងៃចន្ទ (ទី៥ ខែឧសភា) ដោយភ្លាមៗនេះ មិនទាន់មានរបាយការណ៍ អំពីការខូចខាតនៅឡើយទេ។
រញ្ជួយដីនេះ បានធ្វើឲ្យអគារនានាញ័រ នៅក្នុងរដ្ឋធានីតៃប៉ិ។ ហើយរដ្ឋបាលអាកាសធាតុបានប្រាប់ថា ការរញ្ជួយដែលមានចម្ងាយប្រហែល ៣០គីឡូម៉ែត្រ នៅសមុទ្រ មានជម្រៅ ៦,៦គីឡូម៉ែត្រ។
គួរបញ្ជាក់ថា កោះតៃវ៉ាន់ស្ថិតនៅជិតចំណុចប្រសព្វនៃផ្លាកតិកតូនិកចំនួន២ ហើយងាយនឹងមានការរញ្ជួយដី។ មនុស្សជាង ១០០នាក់ បានបាត់បង់ជីវិត អំឡុងពេលមានរញ្ជួយដី នៅភាគខាងត្បូងកោះនេះ ក្នុងឆ្នាំ២០១៦ ខណៈដែលគ្រោះរញ្ជួយដីកម្រិត ៧,៣រ៉ិចទ័រ បានផ្ដាច់ជីវិតមនុស្សជាង ២.០០០នាក់ ក្នុងឆ្នាំ១៩៩៩៕