រដ្ឋមន្រ្តីការបរទេសរ៉្វាន់ដាលោក Olivier Nduhungirehe បានបញ្ជាក់ថា ប្រទេសរបស់លោកបានចូលរួមកិច្ចប្រជុំទទួលយកជនអន្តោប្រវេសន៍ដែលត្រូវបាននិរទេសចេញពីសហរដ្ឋអាមេរិក រយៈពេលតិចជាង ១ឆ្នាំ ក្រោយផែនការស្រដៀងគ្នាជាមួយអង់គ្លេស បានបរាជ័យ ។
លោក Nduhungirehe និយាយប្រាប់ទូរទស្សន៍រដ្ឋរ៉្វាន់ដាថា វាមិនទាន់ឈានដល់ដំណាក់កាលដែលពួកយើងអាចនិយាយថារឿងអ្វីពិតប្រាកដនឹងកើតឡើងនោះទេ ប៉ុន្តែកិច្ចប្រជុំកំពុងបន្ត វាស្ថិតនៅដំណាក់កាលដំបូងនៅឡើយទេ ។
កាលពីសប្តាហ៍មុន រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio និយាយថា លោកកំពុងស្វែងរកប្រទេសបន្ថែមទៀត ដើម្បីទទួលយកមនុស្ស ស្របពេលរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បង្កើនកិច្ចខិតខំ ដើម្បីនិរទេសជនអន្តោប្រវេសន៍ដែលចូលទឹកដីសហរដ្ឋអាមេរិកដោយគ្មានឯកសារ និងមិនមែនជាជនជាតិរបស់ខ្លួន ។
លោក Rubio និយាយថា ពួកយើងកំពុងធ្វើការជាមួយប្រទេសដទៃ ពួកយើងចង់បញ្ជូនមនុស្សដ៏គួរឲ្យស្អប់បំផុតដល់ប្រទេសរបស់អ្នក តើអ្នកចង់ទទួលយកដែរឬទេ? ហើយបើល្អបំផុត គឺប្រទេសនៅឆ្ងាយៗពីអាមេរិក ដើម្បីកុំឲ្យពួកគេអាចវិលត្រឡប់មកវិញ ។
ប្រទេសរ៉្វាន់ដា បានបញ្ជាក់កិច្ចប្រជុំនេះ ក្រោយសារព័ត៌មានអាមេរិករាយការណ៍សម្តីមន្រ្តីពុំបញ្ចេញឈ្មោះពីប្រទេសទាំង ២ថា ពួកគេកំពុងពិភាក្សាលើគម្រោងមួយនេះ ។ សហរដ្ឋអាមេរិកចាត់ទុកផងដែរប្រទេសលីប៊ី ថាជាគោលដៅមួយផ្សេងទៀត ៕