អ្នកស្រុករស់នៅក្នុងភូមិស្ថិតតាមតំបន់ព្រំដែនឥណ្ឌា-ប៉ាគីស្ថាន ក្នុងរដ្ឋវាលខ្សាច់ Rajasthan របស់ប្រទេសឥណ្ឌា បានថ្កោលទោសការវាយប្រហារកាលពីសប្តាហ៍មុនលើភ្ញៀវទេសចរក្នុងតំបន់កាស្មៀរ ហើយពួកគេបានអំពាវនាវឲ្យមានវិធានការបន្ថែមទៀត ។
ក្រុមអ្នកស្រុកបានរំឭកដល់រឿងរ៉ាវនៃសង្រ្គាមឥណ្ឌា-ប៉ាគីស្ថានឆ្នាំ ១៩៧១ ដែលត្រូវបានរាប់ប្រាប់ពួកគេដោយមនុស្សចាស់ៗប្រចាំភូមិ ហើយពួកគេបានបង្ហាញការគាំទ្រស្រដៀងគ្នាដល់កងកម្លាំងប្រដាប់អាវុធឥណ្ឌា បើសិនជាភាពតានតឹងនៅតាមតំបន់ព្រំដែនកើនឡើងបន្ថែមទៀត ។
កាលពីថ្ងៃទី ២២ ខែមេសាកន្លងទៅ ក្រុមជីវពលដែលឥណ្ឌាចាត់ទុកថាជាក្រុមភេរវករ បានបើកការវាយប្រហារសម្លាប់មនុស្សនៅជ្រលងភ្នំ Baisaran ដែលជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយនៅតំបន់កាស្មៀរ ដោយបានសម្លាប់មនុស្សយ៉ាងហោច ២៦នាក់ ។
ចាប់តាំងពីពេលនោះមក ឥណ្ឌា និងប៉ាគីស្ថាន បានប្រកាសវិធានការជាបន្តបន្ទាប់ ដើម្បីបន្ទាបទំនាក់ទំនងរបស់ពួកគេ រួមទាំងការផ្អាកសន្ធិសញ្ញាចែកចាយទឹកស្អាតសំខាន់ និងបិទផ្លូវឆ្លងកាត់ព្រំដែនគោក ។
ឥណ្ឌាបានផ្តល់អត្តសញ្ញាណជនវាយប្រហារ ៣នាក់ រួមទាំងជនជាតិប៉ាគីស្ថាន ២នាក់ ថាជាភេរវករ តែងតែបះបោរដោយហិង្សានៅតំបន់កាស្មៀរដែលមានពលរដ្ឋភាគច្រើនជាជនមូស្លីម ។ ទីក្រុង Islamabad បានច្រានចោលរាល់ការរួមចំណែកណាមួយ ហើយនិងអំពាវនាវឲ្យមានការស៊ើបអង្កេតអព្យាក្រឹត ៕