រដ្ឋមន្ត្រីការពារជាតិជប៉ុន និងឥណ្ឌា នៅថ្ងៃចន្ទ (ទី៥ ខែឧសភា) នេះ បានព្រមព្រៀងគ្នា ជុំវិញការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងកងកម្លាំងរបស់ប្រទេសទាំង២ ក្នុងនោះរួមទាំងការចាប់ផ្តើមកិច្ចពិភាក្សាឆ្ពោះទៅរកការបង្កើតស្ថាប័នសន្ទនាកម្រិតមន្ត្រីជាន់ខ្ពស់ ខណៈដែលប្រទេសចិនបន្តពង្រីកវត្តមានយោធារបស់ខ្លួន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
ជាមួយគ្នានេះ ទាំងរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Gen Nakatani និងសមភាគីឥណ្ឌា លោក Rajnath Singh ក៏បានបញ្ជាក់ផងដែរថា កងកម្លាំងស្វ័យការពារជប៉ុន និងយោធាឥណ្ឌា នឹងបង្កើនសមយុទ្ធរួមគ្នា។ នេះបើតាមលោក Nakatani ដែលបានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីមានកិច្ចពិភាក្សារបស់ពួកលោក នៅទីក្រុង New Delhi។
យោងតាមមន្ត្រីរដ្ឋាភិបាលជប៉ុន បានឲ្យដឹងថា ស្ថាប័នសន្ទនា ឬក្រុមសន្ទានាដែលត្រូវបានគ្រោងទុក នឹងទទួលបន្ទុកសម្របសម្រួលការងាររួម រវាងកងកម្លាំងរបស់ប្រទេសទាំង២។
នៅដើមដំបូងនៃកិច្ចប្រជុំដែលបើកចំហចំពោះប្រព័ន្ធផ្សព្វផ្សាយ លោក Nakatani បានលើកឡើងថា ទំនាក់ទំនងកាន់តែរឹងមាំ រវាងប្រទេសទាំង២ កាន់តែមាន «សារៈសំខាន់« ដោយសារស្ថានភាព នៅជុំវិញប្រទេសទាំង២ កាន់តែមានភាពស្មុគស្មាញ និងមិនទៀងទាត់ ស្របពេលដែលការប្តេជ្ញាចិត្តរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិក នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់។
ចំណែកលោក Singh បានប្រាប់លោក Nakatani ថា លោកសង្ឃឹមថា នឹងបន្តកិច្ចសហប្រតិបត្តិការឧបករណ៍ការពារជាតិទ្វេភាគី និងបច្ចេកវិទ្យាជាមួយប្រទេសជប៉ុន។
គួរបញ្ជាក់ថា ប្រទេសជប៉ុន បាននិងកំពុងបង្កើនទំនាក់ទំនងសន្តិសុខជាមួយឥណ្ឌា តាមរយៈការបង្កើនសមយុទ្ធរួមគ្នា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ និងការពង្រឹងសមត្ថភាពការពារនៅក្នុងដែនអវកាស និងអ៊ីនធឺណិត៕