ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយថា លោកបានបញ្ជាក្រុមមន្រ្តីឲ្យសាងសង់ឡើងវិញ និងបើកដំណើរការឡើងវិញពន្ធនាគារ Alcatraz គឺជាពន្ធនាគារសហព័ន្ធគួរឲ្យចាប់អារម្មណ៍មួយកន្លែងស្ថិតនៅលើកោះតូចមួយរបស់រដ្ឋ California ដែលត្រូវបានបិទទ្វារអស់រយៈពេលជាង ៦០ឆ្នាំមកហើយ ។
នៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Truth Social កាលពីថ្ងៃអាទិត្យ លោក Trump បានសរសេរថា លោកបញ្ជាការិយាល័យពន្ធនាគារ ក្រសួងយុត្តិធម៌ ក្រុម FBI និងក្រសួងសន្តិសុខមាតុភូមិ ឲ្យបើក និងសាងសង់ឡើងវិញពន្ធនាគារ Alcatraz ដើម្បីដាក់អ្នកប្រព្រឹត្តអំពើឃោរឃៅបំផុតរបស់សហរដ្ឋអាមេរិក ។
បទបញ្ជានេះ គឺជាចំណាត់ការចុងក្រោយគេដោយលោកប្រធានាធិបតីមកពីគណបក្សសាធារណៈរដ្ឋរូបនេះ ដើម្បីផ្លាស់ប្តូររបៀប និងទីកន្លែងដែលអ្នកទោសសហព័ន្ធ និងជនអន្តោប្រវេសន៍ ត្រូវជាប់ឃុំ ។
វាបានកើតមានឡើងផងដែរ ពេលដែលរដ្ឋបាលរបស់លោកប៉ះទង្គិជាមួយតុលាការ ដើម្បីយកមកប្រើប្រាស់ច្បាប់នាសតវត្សរ៍ទី ១៨ ដែលកាលពីមុនធ្លាប់ប្រើប្រាស់ក្នុងសម័យសង្រ្គាម ដើម្បីនិរទេសអ្នកដែលរងការចោទប្រកាន់ថាជាឧក្រិដ្ឋជន និងសមាជិកក្រុមជនអន្ធពាល ដោយពុំឆ្លងកាត់ដំណើរការជំនុំជម្រះក្តី ៕