ពលរដ្ឋស៊ីរីបានជួបជុំគ្នានៅលើទីលានចតុរង្គ al-Assi ស្ថិតក្នុងទីក្រុង Hama ដើម្បីថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសរបស់ពួកគេ និងបានអំពាវនាវឲ្យមានការបង្រួបបង្រួមប្រទេសរបស់ពួកគេ ។ ក្រុមបាតុករនាំគ្នាគ្រវីទង់ជាតិស៊ីរី និងស្រែកពាក្យស្លោកប្រឆាំងអ៊ីស្រាអែល ។
អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកនៅជិតវិមានប្រធានាធិបតី ស្ថិតក្នុងទីក្រុងដាម៉ាស់ កាលពីព្រឹកថ្ងៃសុក្រសប្តាហ៍មុន ដែលជាការព្រមានយ៉ាងច្បាស់ក្រឡែតមួយ ចំពោះអាជ្ញាធរថ្មីដឹកនាំអ៊ិស្លាមរបស់ស៊ីរី ពីការត្រៀមខ្លួនរួចរាល់ក្នុងការបង្កើនវិធានការយោធា តាងនាមឲ្យជនជាតិភាគតិច Druze នៅក្នុងប្រទេសមួយនេះ ។
រដ្ឋាភិបាលស៊ីរី ចាត់ទុកការទម្លាក់គ្រាប់បែកនេះថាជាការកើនឡើងភាពតានតឹងដ៏គ្រោះថ្នាក់ ស្របពេលកើតមានអរិភាពរវាងប្រទេសជិតខាងទាំង ២ ។
ក្រុមបាតុករនៅទីក្រុង Hama បានចោទប្រកាន់បុព្វជិត Hikmat Al-Hajri របស់ជនជាតិភាគតិច Druze ថាជាសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល ។ លោក Al-Hajri ពុំបានបង្ហាញការគាំទ្រជាសាធារណៈនោះទេចំពោះអ៊ីស្រាអែល ប៉ុន្តែយោងតាមសេចក្តីរាយការណ៍សារព័ត៌មានកាលពីពេលថ្មីៗនេះ លោក Al-Hajri បានចោទប្រកាន់រដ្ឋាភិបាលស៊ីរីថា បានវាយប្រហារលើជនជាតិភាគតិច Druze និងអំពាវនាវឲ្យមានការការពារពីអន្តរជាតិ ។
បាតុកម្មនេះដែរ បានកើតមាន រយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយការប៉ះទង្គិចគ្នានៅស៊ីរី រវាងជនមូស្លីមនិកាយស៊ុននី និងក្រុមខ្មាន់កាំភ្លើងជនជាតិភាគតិច Druze ដែលបង្កឡើងដោយសារសារជាសំឡេងនិយាយប្រមាថព្យាការី Mohammed ។
ការប្រយុទ្ធគ្នា បានសម្លាប់មនុស្សយ៉ាងច្រើននៅតាមទីក្រុងជុំវិញរដ្ឋធានីដាម៉ាស់ និងបង្កឲ្យមានការវាយប្រហារព្រមានពីអ៊ីស្រាអែលលើទីក្រុងមួយស្ថិតនៅជាយក្រុងដាម៉ាស់ ដោយបានសម្លាប់សមាជិកម្នាក់ក្នុងកងកម្លាំងសន្តិសុខស៊ីរី ។
អ៊ីស្រាអែលបានបង្កើនប្រតិបត្តិការយោធារបស់ខ្លួននៅស៊ីរី ចាប់តាំងពីក្រុមឧទ្ទាមផ្តួលរំលំលោក Bashar al-Assad កាលពីខែធ្នូ ឆ្នាំ ២០២៤ ជាមួយនឹងការទម្លាក់គ្រាប់បែកនៅទូទាំងប្រទេស ហើយទាហានជើងគោក បានចូលទៅក្នុងតំបន់ភាគនិរតីស៊ីរី និងចាត់ទុកស៊ីរីថានៅតែជាវិមជ្ឈការ និងឯកោ ៕
