មន្ត្រីយោធាអ៊ីស្រាអែលមួយរូបបាននិយាយថាប្រតិបត្តិការពង្រីកសង្គ្រាមនៅដែនដីហ្កាហ្សា នឹងមិនត្រូវបានចាប់ផ្តើមមុនពេលប្រធានាធិបតីអាមេរិក Donald Trump បញ្ចប់ដំណើរទស្សនកិច្ចរបស់លោកនៅសប្តាហ៍ក្រោយមកកាន់មជ្ឈិមបូព៌ានោះទេ។

ការសម្រេចចិត្តដែលបានកើតឡើង បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងជាច្រើនសប្តាហ៍ដើម្បីយល់ព្រមបទឈប់បាញ់ជាមួយក្រុមហាម៉ាស គូសបញ្ជាក់ថាសង្រ្គាមដែលកំពុងទាក់ទាញសម្ពាធអន្តរជាតិលើអ៊ីស្រាអែល ស្របពេលមានការថយចុះនៃការគាំទ្រពីសាធារណៈជននៅក្នុងប្រទេស អាចបន្តដោយគ្មានទីបញ្ចប់។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃចន្ទ ៥ ឧសភា ថា ការវាយលុកថ្មីនៅតំបន់ហ្កាហ្សា នឹងក្លាយជាប្រតិបត្តិការយោធាដ៏ខ្លាំងក្លាមួយ ក្នុងគោលបំណងកម្ចាត់ក្រុមហាម៉ាស ប៉ុន្តែពុំបានរៀបរាប់លម្អិតទេ ថាតើចំនួនច្រើនប៉ុណ្ណានៃទឹកដីរងការឡោមព័ទ្ធនេះ នឹងត្រូវរឹបអូស។

អ្នកនាំពាក្យរដ្ឋាភិបាលបានប្រាប់អ្នកសារព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិតថា ទាហានបម្រុងកំពុងត្រូវបានកោះហៅឱ្យពង្រីកប្រតិបត្តិការនៅតំបន់ហ្កាហ្សា មិនមែនដើម្បីកាន់កាប់តំបន់នេះនោះទេ។
កងទ័ពអ៊ីស្រាអែលបានចូលកាន់កាប់តំបន់ដែលមានទំហំប្រហែលមួយភាគបីនៃតំបន់ហ្កាហ្សាស្ទ្រីប ដោយបានជម្លៀសប្រជាជន និងសាងសង់ប៉មយាម និងប៉ុស្តិ៍ឃ្លាំមើលនៅលើដី ត្រូវបានបោសសម្អាត ដែលយោធាបានពិពណ៌នាថាជាតំបន់សន្តិសុខ ប៉ុន្តែផែនការថ្មីនឹងបន្តទៅមុខទៀត៕