ប្រមុខអង្គការសហប្រជាជាតិលោក Antonio Guterres បានជំរុញកាលពីថ្ងៃចន្ទ ៥ឧសភា ថាគូជម្លោះមានអាវុធនុយក្លេអ៊ែរប៉ាគីស្ថាន និងឥណ្ឌា ត្រូវតែ "អត់ធ្មត់ជាអតិបរមា" ហើយដកថយម្នាក់មួយជំហានពីមាត់ជ្រោះនៃសង្គ្រាម ខណៈភាពតានតឹងរវាងប្រទេសជិតខាងនៅអាស៊ីខាងត្បូងទាំងពីរកំពុងឡើងកម្ដៅខ្លាំង។

ទីក្រុងញូវដែលី (New Delhi)បានស្តីបន្ទោសទីក្រុងអ៊ីស្លាម៉ាបាដ សម្រាប់ការគាំទ្រការវាយប្រហារដ៏សាហាវទៅលើអ្នកទេសចរនៅផ្នែកខាងឥណ្ឌានៃតំបន់ជម្លោះកាស្មៀរកាលពីខែមុន ដែលបង្កឱ្យមានការគំរាមកំហែងដ៏ក្តៅគគុកជាបន្តបន្ទាប់ និងវិធានការសងសឹកផ្នែកការទូត ទៅវិញទៅមក។

កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ យោធាប៉ាគីស្ថាន បាននិយាយថា ខ្លួនបានសាកល្បងមីស៊ីលលើកទីពីរ ចាប់តាំងពីការប្រឈមដាក់គ្នាបានចាប់ផ្តើម។
លោក Guterres បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅទីក្រុងញូវយ៉កដោយបន្ថែមថាពួកគេស្ថិតក្នុង កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានឈានដល់ចំណុចក្ដៅ។
លោកបានថ្កោលទោសជាថ្មីម្តងទៀតចំពោះការវាយប្រហារកាលពីថ្ងៃទី២២ មេសា នៅតំបន់ទេសចរណ៍ Pahalgam ដែលបានសម្លាប់មនុស្ស២៦ នាក់ដោយអំពាវនាវឱ្យចាប់ខ្លួនក្រុមអ្នកទទួលខុសត្រូវ នាំទៅកាត់ទោសតាមមធ្យោបាយគួរឱ្យទុកចិត្តនិងស្របច្បាប់ ។

សម្ពាធអន្តរជាតិត្រូវបានដាក់លើទាំងក្រុង New Delhi និង Islamabad ដើម្បីបន្ធូរបន្ថយភាពតានតឹង៕