ក្រសួងសន្តិសុខមាតុភូមិ (DHS) បាននិយាយកាលពីថ្ងៃចន្ទថា រដ្ឋបាល របស់លោកTrump នឹងផ្តល់ប្រាក់ឧបត្ថម្ភចំនួន១.០០០ដុល្លារអាមេរិក និងជំនួយក្នុងការធ្វើដំណើរសម្រាប់ជនអន្តោប្រវេសន៍ ដែលជ្រើសរើស«ការនិរទេសខ្លួនឯង»ដោយស្ម័គ្រចិត្ត ចេញពីសហរដ្ឋអាមេរិក។

ទីភ្នាក់ងារនេះបាននិយាយថា ប្រាក់ឧបត្ថម្ភ និងថ្លៃសំបុត្រយន្តហោះ សម្រាប់ជនអន្តោប្រវេសន៍ដែលចាកចេញដោយស្ម័គ្រចិត្តនឹងចំណាយតិចជាងការនិរទេសតាមជាក់ស្តែង។ ក្រសួងសន្តិសុខមាតុភូមិ (DHS) និយាយថា ការចំណាយជាមធ្យមលើការចាប់ខ្លួន ការឃុំខ្លួន និងការនិរទេសជនណាម្នាក់ដែលគ្មានស្ថានភាពផ្លូវច្បាប់បច្ចុប្បន្ន គឺចំណាយប្រហែល ១៧.០០០ ដុល្លារអាមេរិក។

លោក ប្រធានាធិបតី Donald Trump មកពីគណបក្សសាធារណរដ្ឋ បានចូលកាន់តំណែងកាលពីខែមករា ដោយសន្យាថានឹងនិរទេសមនុស្សរាប់លាននាក់ ប៉ុន្តែរហូតមកដល់ពេលនេះបានបន្តការនិរទេសជាអ្នកបន្តតំណែងពី លោក Joe Biden គណបក្សប្រជាធិបតេយ្យ។ រដ្ឋបាលរបស់លោក Biden បានប្រឈមការធ្វើអន្តោប្រវេសន៍ខុសច្បាប់ក្នុងកម្រិតខ្ពស់ ហើយបានបញ្ជូនមនុស្សជាច្រើននាក់ភ្លាមៗនូវអ្នកដែលត្រូវបានចាប់ខ្លួនកំពុងឆ្លងកាត់ព្រំដែន។
រដ្ឋបាល លោក Trump បាននិរទេសមនុស្ស ១៥២.០០០នាក់ចាប់តាំងពីថ្ងៃទី២០ ខែមករា ទាបជាង អ្នកដែលត្រូវបាននិរទេស១៩៥.០០០នាក់កាលពីខែកុម្ភៈ ដល់ខែមេសាឆ្នាំមុន ក្រោមការដឹកនាំរបស់លោក Biden។
រដ្ឋបាលរបស់លោក Trump បានព្យាយាមជំរុញទឹកចិត្តជនអន្តោប្រវេសន៍ឱ្យចាកចេញដោយស្ម័គ្រចិត្តដោយគំរាមកំហែងផាកពិន័យ និងនិរទេសទៅកាន់ពន្ធនាគារនៅឈូងសមុទ្រ Guantanamo Bay និង ប្រទេស អែល សាល់វ៉ាឌ័រ។