ភ្នំពេញ៖ ឯកឧត្តម ផ្លោក ផន រដ្ឋលេខាធិការប្រចាំការក្រសួងធម្មការ និងសាសនា បានបញ្ជាក់ថា ព្រះសង្ឃទូទាំងប្រទេសចំនួន ៦៩,៤៣២អង្គ ក្នុងនោះព្រះសង្ឃ ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មានចំនួន ៦៦,៩៥១អង្គ ស្មើនឹងចំនួន៩៦%។
ការថ្លែងរបស់ឯកឧត្តម ផ្លោក ផន យ៉ាងដូច្នេះក្នុងកិច្ចប្រជុំប្រចាំខែធ្នូ និងលើកទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ក្រោមវត្តមានឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងថ្នាក់ដឹកនាំមន្ទីរធម្មការ និងសាសនា ទាំង២៥រាជធានី-ខេត្ត, នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១។
ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ បានឲ្យដឹងទៀតថា ព្រះសង្ឃដែលបានឆ្លងជំងឺកូវីដ-១៩ ចំនួន១,២៤៥អង្គ បានជាសះស្បើយចំនួន១,២៣៣អង្គ ក្នុងនោះអនិច្ចធម្មចំនួន១៦អង្គ។ ថ្នាក់ដឹកនាំពាហិរសាសនា ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ចំនួន៤,០៧៨រូប ថ្នាក់ដឹកនាំ ឥស្លាមសាសនាចំនួន១,៤៨៧រូប។ ថ្នាក់ដឹកនាំ គ្រិស្ដ សាសនា ចំនួន២,៣៤៣រូប និងថ្នាក់ដឹកនាំសាសនាផ្សេងៗចំនួន២៤៨រូប។ ថ្នាក់ដឹកនាំពាហិរសាសនា ដែលបានឆ្លងជំងឺកូវីដ-១៩ ចំនួន៤៧៥រូប ជាសះស្បើយចំនួន៤៥៩រូប មរណភាពចំនួន៧រូប ក្នុងនោះរួមមាន៖ សាសនាឥស្លាម ចំនួន៣១៥រូប ជាសះស្បើយចំនួន៣០៥រូប មរណភាពចំនួន៦រូប គ្រិស្ដសាសនាចំនួន ១២២រូប ជាសះស្បើយចំនួន១១៦រូប មរណភាពចំនួន១រូប។ ចំពោះវិស័យពុទ្ធិកសិក្សា សម្តេចព្រះអគ្គាធិការ បានខិតខំប្រឹងប្រែង យកព្រះទ័យទុកដាក់ បណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ (Zoom)។
ក្នុងអង្គប្រជុំប្រចាំខែនោះផងដែរ ក៏មានការឡើងធ្វើបទអន្តរាគន៍ពីសំណាក់ប្រធានមន្ទីរធម្មការ និងសាសនាស្តីពីការលានុវត្តន៍ភាពវិស័យសាសនា ក៏ដូចបញ្ហាប្រឈមនានាជូនអង្គប្រជុំដើម្បីបានដោះស្រាយ។
បន្ទាប់ពីបានស្តាប់បទអន្តរាគន៍រួចមក ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា មានប្រសាសន៍ថា ក្រសួងនឹងទទួលយកសំណើរ និងបញ្ហាប្រឈមនានា ដើម្បីដោះស្រាយ និងធ្វើរបាយការណ៍ជូនប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងសូមឱ្យមន្ត្រីក្រោមឱវាទទាំងអស់ខិតខំបន្ត យកចិត្តទុកដាក់អនុវត្តការងារដែលរាជរដ្ឋាភិបាល ក្រសួង ក៏ដូចអាជ្ញាធរ ខេត្ត ប្រគល់ជូន ជាពិសេសបន្តការអប់រំតាមបណ្តាវត្ត វិហារ ស្នាក់ការថ្វាយបង្គំ ស្តីពីគ្រឿងញៀន និងវិធានការការពារ បង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស វីរុសបំប្លែងខ្លួនថ្មី (អូមីក្រុង) ដែលមានប្រភពចេញពីតំបន់អាហ្រ្វិកខាងត្បូង តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដោយបង្កើនការប្រុងប្រយ័ត្ន និងអនុវត្តនូវវិធានការ «៣ការពារ» និង «៣កុំ»៕
អត្ថបទ រដ្ឋា