ការតវ៉ាដ៏តានតឹងបានផ្ទុះឡើងនៅអ៊ីស្រាអែល កាលពីថ្ងៃចន្ទ (០៥ ឧសភា) ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីគណៈរដ្ឋមន្ត្រីរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានអនុម័តផែនការដណ្តើមយកតំបន់ហ្កាហ្សាស្រ្ទីប ទាំងមូល។

មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅសភារបស់អ៊ីស្រាអែល ដោយអំពាវនាវឱ្យមានកិច្ចព្រមព្រៀងជាមួយក្រុមហាម៉ាស ដើម្បីធានាការដោះលែងចំណាប់ថ្នូរ ដែលត្រូវឃុំខ្លួនក្នុងដែនដីហ្កាហ្សា។

បាតុករម្នាក់ក្នុងចំណោមអ្នកតវ៉ាបាននិយាយថា "ពុំមានហេតុផលដើម្បីបន្តសង្រ្គាមនេះទេ ព្រោះអ្វីដែលយោធាបានធ្វើអស់រយៈពេល ១ឆ្នាំកន្លះមកនេះ មិនបានជោគជ័យទេ ហើយក៏នឹងមិនអាចសម្រេចបានដែរក្នុងឥឡូវនេះ"។ បាតុករផ្សេងទៀតនិយាយថា "រដ្ឋាភិបាលអ៊ីស្រាអែល គ្រាន់តែចង់កាន់កាប់តំបន់ហ្កាហ្សា និងដាក់ការតាំងទីលំនៅថ្មីនៅទីនោះប៉ុណ្ណោះ ប៉ុន្តែទាហាននឹងត្រូវបានសម្លាប់ ហើយចំណាប់ថ្នូរនឹងត្រលប់មកវិញនៅក្នុងសាកសពដាក់បាវពណ៌ខ្មៅ"។

មន្ត្រីអ៊ីស្រាអែលនិយាយថា គណៈរដ្ឋមន្ត្រី បានអនុម័តផែនការដើម្បីដណ្តើមយកតំបន់ហ្កាហ្សាទាំងមូល និងស្នាក់នៅក្នុងទឹកដីប៉ាឡេស្ទីននេះក្នុងរយៈពេលមិនជាក់លាក់។ គម្រោងថ្មីនេះ ដែលមន្ត្រីនិយាយថាមានបំណងជួយអ៊ីស្រាអែល ឱ្យសម្រេចបាននូវគោលដៅកម្ចាត់ក្រុមហាម៉ាស និងដោះលែងចំណាប់ថ្នូរ ក៏អំពាវនាវឱ្យប្រជាជនប៉ាឡេស្ទីនរាប់សែននាក់ ផ្លាស់ទៅភាគខាងត្បូងតំបន់ហ្កាហ្សាផងដែរ៕