យោងតាមការសិក្សាថ្មីមួយបានឱ្យដឹងថា ចំនួនភាគរយនៃស្ត្រី និងកុមារដែលត្រូវបានសម្លាប់នៅក្នុងតំបន់ហ្កាហ្សា ក្នុងអំឡុងពេលនៃសង្រ្គាមរបស់អ៊ីស្រាអែល សងសឹកនឹងក្រុមហាម៉ាស បន្ទាប់ពីការវាយប្រហារទម្លុះព្រំដែនលើភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ គឺទាបជាងការអះអាងដោយទីភ្នាក់ងារផ្សព្វផ្សាយព័ត៌មានរបស់ក្រុមភេរវករនេះឆ្ងាយណាស់ និងជាព័ត៌មានមិនពិត។

ការសិក្សាបានរកឃើញថា ទោះបីជាមានការអះអាងដោយការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលរបស់ហាម៉ាសថា តួលេខ ៧០% នៃអ្នកស្លាប់ជាស្ត្រី និងកុមារក៏ដោយ ក៏តួលេខដែលផ្តល់ដោយក្រសួងសុខាភិបាលហ្កាហ្សា បានបង្ហាញពីអត្រាពិតប្រាកដគឺត្រឹមតែ ៥១% ប៉ុណ្ណោះ។ ការសិក្សាស្រាវជ្រាវនេះគឺផ្អែកលើទិន្នន័យដែលប្រមូលផ្តុំដោយក្រសួងសុខាភិបាលហ្កាហ្សា តាមរយៈប្រព័ន្ធទិន្នន័យកណ្តាល និងកុំព្យូទ័រនៅមន្ទីរពេទ្យ Al Shifa ក្នុងទីក្រុងហ្កាហ្សា។

របាយការណ៍ថ្មី ដែលត្រូវបានបោះពុម្ពដោយសាស្ត្រាចារ្យ Lewi Stone និង Gregory Rose នេះអះអាងថា អត្រាទាបនៃអត្រាមរណភាពស្ត្រី និងកុមារ រួមផ្សំជាមួយនឹងភាគរយខ្ពស់នៃស្ត្រី និងកុមារនៅក្នុងចំនួនប្រជាជនហ្កាហ្សាទូទៅ បានបង្ហាញថា កងកម្លាំងការពារអ៊ីស្រាអែល IDF បានចាត់វិធានការជាប្រព័ន្ធ ដើម្បីបញ្ជៀសអ្នកស្លាប់ជនស៊ីវិល។

គិតត្រឹមថ្ងៃចន្ទ (០៥ ឧសភា) សប្ដាហ៍នេះ អាជ្ញាធរសុខាភិបាលហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា បានកើនឡើងដល់ជាង ៥២.០០០នាក់ និងមនុស្សប្រមាណជាង ១១៨.០០០នាក់ផ្សេងទៀតបានរងរបួស។ បញ្ជីទូទៅនេះមិនបែងចែករវាងអ្នកប្រយុទ្ធ និងជនស៊ីវិល ឬអ្នកដែលត្រូវបានសម្លាប់ដោយសកម្មភាពប្រយុទ្ធរបស់ពួកហាម៉ាសនោះទេ៕