ភ្ញៀវទេសចរទៅទស្សនានៅពន្ធនាគារ Alcatraz ដែលត្រូវបានសម្ភាសដោយសារព័ត៌មាន Reuters កាលពីថ្ងៃចន្ទ ទី៥ ខែឧសភា បាននិយាយថា ពួកគេមិនយល់ព្រមចំពោះផែនការរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ក្នុងការបើកឡើងវិញពន្ធនាគារនៅលើកោះដ៏ល្បីឈ្មោះដែលបច្ចុប្បន្ននេះ ជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់ទីក្រុង San Francisco ។

ភ្ញៀវទេសចរមកពីទីក្រុង Woodland រដ្ឋកាលីហ្វ័រនីញ៉ា បាននិយាយថា «ខ្ញុំគិតថាវាជារឿងឆ្កួតលីលា ដូចអ្នកដឹងហើយ មានរឿងរ៉ាវជាច្រើនទៀតដែលត្រូវធ្វើ»។

លោក Mike Forbes អតីតឆ្មាំពន្ធនាគារមកពីទីក្រុង Pittsburgh រដ្ឋ Pennsylvania បាននិយាយថា «វាត្រូវតែនៅជាផ្នែកមួយនៃប្រវត្តិសាស្រ្ត»។
លោក Trump បាននិយាយកាលពីថ្ងៃចន្ទថា ផែនការរបស់លោកដើម្បីបើកពន្ធនាគារឡើងវិញ គឺជាផ្នែកមួយនៃការផ្តោតជាថ្មីលើ «ច្បាប់ និងសណ្តាប់ធ្នាប់» នៅក្នុងប្រទេស។

លោក Trump បាននិយាយនៅលើគេហទំព័រ Truth Social របស់លោកថា លោកកំពុងដឹកនាំការិយាល័យពន្ធនាគារសហព័ន្ធ ឱ្យសាងសង់ឡើងវិញនិងបើកឡើងវិញពន្ធនាគារ Alcatraz ដើម្បី «ដាក់អ្នកប្រព្រឹត្តអំពើឃោរឃៅនិងហិង្សាបំផុតនៅអាមេរិក»។