ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចោទប្រកាន់លោកខាងលិចថាបានព្យាយាមរុញឱ្យរូបលោកប្រើអាវុធនុយក្លេអ៊ែរក្នុងសង្គ្រាមអ៊ុយក្រែន ក្នុងការអត្ថាធិប្បាយនៅក្នុងភាពយន្តឯកសារទូរទស្សន៍រដ្ឋរបស់រុស្ស៊ី អំពីការកាន់អំណាចរយៈពេល២៥ ឆ្នាំរបស់លោក។

លោកបាននិយាយក្នុងភាពយន្តឯកសាររបស់រុស្ស៊ីថា ពួកគេចង់បង្ករឿងដល់យើង ពួកគេចង់ធ្វើឲ្យយើងមានកំហុស។មេដឹកនាំរុស្ស៊ីរូបនេះ បាននិយាយថា ទោះយ៉ាងណាក៏ដោយ មិនចាំបាច់ប្រើអាវុធនុយក្លេអ៊ែរទេ ហើយលោកសង្ឃឹមថារុស្ស៊ី ក៏នឹងមិនចាំបាច់ប្រើអាវុធនោះនៅពេលអនាគតផងដែរ។

រុស្ស៊ីមានកម្លាំងគ្រប់គ្រាន់ និងមធ្យោបាយដើម្បីសម្រេចបាននូវអ្វីគ្រប់យ៉ាងដែលចាំបាច់សម្រាប់ទីក្រុងមូស្គូក្នុងប្រតិបត្តិការសឹកដែលបានចាប់ផ្តើមក្នុងឆ្នាំ ២០២២ ដោយសំដៅទៅលើឆ្នាំដែលវិមានក្រឹមឡាំងបានចាប់ផ្តើមការលុកលុយពេញបន្ទុករបស់ខ្លួនលើប្រទេសជិតខាងអ៊ុយក្រែន។

មេដឹកនាំកំពូលរុស្ស៊ីវ័យ៧២ឆ្នាំរូបនេះ និងក្រុមថ្នាក់ដឹកនាំ បានគំរាមម្តងហើយម្តងទៀតថានឹងប្រើអាវុធនុយក្លេអ៊ែរប្រឆាំងអ៊ុយក្រែន និងសម្ព័ន្ធមិត្តក្នុងអំឡុងពេលសង្រ្គាមដែលនៅតែបន្តមានអាយុកាលជាង៣ឆ្នាំមកនេះ ។
យោងតាមរបាយការណ៍បានឱ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិកស្ថិតនៅក្រោមការចាប់អារម្មណ៍ថាទីក្រុងមូស្គូអាចត្រៀមទម្លាក់គ្រាប់បែកនុយក្លេអ៊ែរនៅរដូវស្លឹកឈើជ្រុះកាលពីអំឡុងឆ្នាំ២០២២។ ទីក្រុងវ៉ាស៊ីនតោនបានព្រមានយ៉ាងម៉ឺងម៉ាត់ដល់រុស្ស៊ីតាមរយៈផ្លូវការទូតនៅពេលនោះ។
ការវាយប្រហារសាកល្បងជាមួយមីស៊ីលរយៈចម្ងាយមធ្យមថ្មីរបស់រុស្ស៊ីលើទីក្រុង Dnipro របស់អ៊ុយក្រែនក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ក៏ត្រូវបានចាត់ទុកថាជាការគំរាមកំហែងនុយក្លេអ៊ែរផងដែរ៕