ប្រជាជននៅទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់ មានភាពមិនច្បាស់លាស់ អំពីលទ្ធផលនៃការបោះឆ្នោតមុនពេលកំណត់នៅពេលខាងមុខ ខណៈយុទ្ធនាការបោះឆ្នោតបានចាប់ផ្ដើមមុនការបោះឆ្នោតសកលមុនអាណត្តិ នៅថ្ងៃទី១៨ ខែឧសភា។

លោក Sergio ប្រជាជនទីក្រុង Lisbon អាយុ៦៨ឆ្នាំ បាននិយាយថា «នៅប្រទេសព័រទុយហ្គាល់ យើងមានរបបហ្វាស៊ីស ពួកហ្វាស៊ីសនៅទីនេះ វានៅមិនទាន់ចប់ទេ ហើយមនុស្សកំពុងដេកលក់។ គ្មានគណបក្សណាមួយ មានដំណោះស្រាយដើម្បីដោះស្រាយបញ្ហារបស់ប្រជាជន ដូចជាបញ្ហាសុខភាព ការអប់រំ យុត្តិធម៌ ដូច្នេះយើងកំពុងប្រឈមការមន្ទិលសង្ស័យដ៏ធំ»។

នៅក្នុងការស្ទង់មតិមួយដែលបានចេញផ្សាយកាលពីថ្ងៃទី៣១ ខែមីនា គណបក្សសម្ព័ន្ធលទ្ធិប្រជាធិបតេយ្យស្តាំនិយមកណ្តាល (AD) របស់ប្រទេសព័រទុយហ្គាល់ បានបន្តការនាំមុខរបស់ខ្លួន ទោះបីជាការព្យាករបានបង្ហាញថា នៅតែខ្វះសំឡេងភាគច្រើននៅក្នុងសភាក៏ដោយ។
រដ្ឋាភិបាលរបស់មេដឹកនាំគណបក្សសម្ព័ន្ធ AD លោក Luis Montenegro បានបរាជ័យក្នុងការទទួលបានការបោះឆ្នោតផ្តល់ទំនុកចិត្តពីសភា បន្ទាប់ពីក្រុមប្រឆាំងបានចោទសួរពីសុចរិតភាពរបស់លោក ជុំវិញការដោះស្រាយក្រុមហ៊ុនប្រឹក្សាយោបល់របស់គ្រួសារលោក។ លោកបានបដិសេធរាល់ការប្រព្រឹត្តខុស។