ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកឡើងថា សេដ្ឋកិច្ចឌីជីថល ឬពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បាននិងកំពុងក្លាយជាទិដ្ឋភាពដ៏សំខាន់ សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ឯកឧត្តម រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់បែបនេះ ក្នុងឱកាសថ្លែងសុន្ទរកថា បើកសិក្ខាសាលាស្តីពី «ការប្រែក្លាយអាស៊ានទៅជាសហគមន៍ឌីជីថលឈានមុខ៖ ការត្រួតពិនិត្យលើផែនការការងារ ស្តីពីការអនុវត្តកិច្ចព្រមព្រៀងអាស៊ាន ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក» ធ្វើឡើងតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១។
សិក្ខាសាលានេះរៀបចំឡើងដោយមជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ី និងក្រុមហ៊ុនផ្តល់ប្រឹក្សាយោបល់ពាណិជ្ជកម្ម និងវិយោគ Trade Worthy ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់មកពីបណ្តារដ្ឋសមាជិកអាស៊ាន តំណាងមកពីអង្គការ និងវិស័យឯកជននានាជាច្រើនរូប។
ក្នុងសុន្ទរកថា បើកសិក្ខាសាលានេះ ឯកឧត្តម រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើងថា សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងបង្ហាញជូនភាគីពាក់ព័ន្ធទាំងអស់អំពីផែនការការងារលើកិច្ចព្រមព្រៀងអាស៊ាន ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងប្រសិទ្ធភាពនៃការអនុវត្តផែនការនេះ ដែលនឹងជួយដោះស្រាយនូវគំលាតទាំងឡាយទាក់ទងនឹងបទប្បញ្ញត្តិ និងលើកកម្ពស់ក្របខ័ណ្ឌគោលនយោបាយរួមសម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងតំបន់ ក៏ដូចជាដោះស្រាយបញ្ហាទូទៅចំពោះការចូលរួមរបស់សហគ្រាសមីក្រូ ធុនតូច និងមធ្យមក្នុងវិស័យសេដ្ឋកិច្ចឌីជីថល ព្រមទាំងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ក្នុងការជំរុញសមាហរណកម្មតំបន់នៃសេដ្ឋកិច្ចឌីជីថលជាដើម។
ឯកឧត្តម រដ្ឋមន្ត្រីបន្តថា សេដ្ឋកិច្ចឌីជីថល ឬពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បាននិងកំពុងក្លាយជាទិដ្ឋភាពដ៏សំខាន់សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានបញ្ជាក់ទៀតថា កម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងបានប្តេជ្ញាចិត្តក្នុងការអនុវត្តតាមកិច្ចព្រមព្រៀងអាស៊ានស្ពីពីពាណិជ្ជកម្មកម្ពុជាតាមប្រព័ន្ធអេឡិចត្រូនិក ជាក់ស្ដែងកម្ពុជាបានប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ និងបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងអាស៊ានស្ពីពីពាណិជ្ជកម្មកម្ពុជាតាមប្រព័ន្ធអេឡិចត្រូនិក កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩។
បន្ថែមពីនេះ កាលពីខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ កម្ពុជាបានដាក់ឱ្យដំណើរការជាផ្លូវការនូវយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលឯកសារនេះត្រូវបានប្រើប្រាស់ជាឯកសារយុទ្ធសាស្ត្រក្នុងការបន្តបង្កើតគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០២៥៕
អត្ថបទ៖ វណ្ណៈ



