ហ្វូងមនុស្ស បានសរសើរចំពោះការប្រារព្ធខួបលើកទី៨០ នៃទិវាជ័យជំនះអឺរ៉ុប (VE) កាលពីថ្ងៃចន្ទ ខណៈពួកគេបានទស្សនាក្បួនព្យុហយាត្រាយោធា និងយន្តហោះហោះហើរ ដែលចូលរួមដោយគ្រួសាររាជវង្សរបស់ចក្រភពអង់គ្លេស។

សមាជិកកងកម្លាំងប្រដាប់អាវុធរបស់ចក្រភពអង់គ្លេសជាង ១.៣០០នាក់ បានហែរក្បួនឆ្លងកាត់ទីក្រុងឡុងដ៍ភាគកណ្តាល ពីខាងក្រៅសភា ទៅកាន់រាជវាំង Buckingham ដែលយាងទតដោយមហាក្សត្រខណៈទ្រង់ត្រួតពលនៅពេលក្បួនព្យុហយាត្រាឆ្លងកាត់ រួមជាមួយម្ចាស់ក្សត្រី Camilla ព្រះអង្គម្ចាស់William និងមហេសីរបស់ព្រះអង្គ Kate នាយករដ្ឋមន្ត្រីលោកKeir Starmer និងអតីតយុទ្ធជនពីសង្គ្រាម។

ក្បួនព្យុហយាត្រាកាលពីថ្ងៃច័ន្ទ បានបញ្ចប់ដោយការហោះហើរយន្តហោះយោធាជាប្រវត្តិសាស្ត្រ និងក្រុមបង្ហាញព្រួញក្រហមរបស់កងទ័ពអាកាស ខណៈហ្វូងមនុស្សភាគច្រើនកាន់ទង់ជាតិ បានមកប្រមូលផ្តុំគ្នានៅខាងក្រោម ដើម្បីទស្សនាទិដ្ឋភាពនៃព្រឹត្តិការណ៍នេះ។