ការដំឡើងពន្ធមិនធ្លាប់មានពីមុនមករបស់ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងបង្កការឈឺចាប់ និងភាពជាប់គាំងកាន់តែខ្លាំងឡើងនូវដំណើរការទៅមុខរបស់សេដ្ឋកិច្ចពិភពលោក ដែលអស់ជាច្រើនទសវត្សរ៍ត្រូវគ្របដណ្ដប់ដោយភាពអាចព្យាករបាន និងពាណិជ្ជកម្មសេរី។

ក្រុមហ៊ុនចម្រុះជាតិសាសន៍ដ៏ល្បីឈ្មោះជាច្រើន ជាពិសេសពាណិជ្ជកម្មអេឡិចត្រូនិក កាលពីសប្តាហ៍មុនបានកាត់បន្ថយគោលដៅលក់ ព្រមានពីការកាត់បន្ថយការងារ និងពិនិត្យមើលផែនការអាជីវកម្មរបស់ពួកគេឡើងវិញ ខណៈប្រទេសសេដ្ឋកិច្ចធំៗបានកែសម្រួលការរំពឹងទុកកំណើន ស្របពេលមានអំណានទិន្នន័យមិនល្អ។

ខណៈពេលដែលទីផ្សារហិរញ្ញវត្ថុកំពុងភ្នាល់ថា អាមេរិក និងចិន នឹងដកថយពីសង្គ្រាមពាណិជ្ជកម្មទាំងអស់ ហើយថាលោក Trump នឹងធ្វើកិច្ចព្រមព្រៀងដើម្បីបញ្ចៀសការយកពន្ធខ្ពស់លើប្រទេសដទៃទៀត ពេលនេះភាពមិនប្រាកដប្រជាទាំងនេះបានក្លាយជាកត្តាអូសទាញដ៏សំខាន់នៅក្នុងកំណើនសកល។

លោកស្រី Isabelle Mateos y Lago ប្រធានសេដ្ឋវិទូនៅធនាគារបារាំង BNP Paribas បាននិយាយថា "គោលនយោបាយពន្ធរបស់អាមេរិក គឺជាភាពតក់ស្លុតដ៏អវិជ្ជមាន និងធ្ងន់ធ្ងរបំផុតសម្រាប់ពិភពលោកក្នុងពេលដ៏ខ្លីខាងមុខ"។ ចក្ខុវិស័យពន្ធ បានជំរុញឱ្យស្ថាប័ននានាទូទាំងពិភពលោក ជាពិសេសធនាគារកណ្តាលជប៉ុន កាត់បន្ថយការព្យាករកំណើនរបស់ខ្លួន ខណៈភាពតានតឹងពាណិជ្ជកម្មត្រូវបានលើកឡើងដោយអ្នកព្យាករនៅក្នុងចក្ខុវិស័យកំណើនធ្លាក់ចុះសម្រាប់ហូឡង់ និងតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង (MENA) ជាច្រើនទៀត៕