តុលាការឧទ្ធរណ៍សហព័ន្ធ បានសម្រេចច្រានចោលសំណើរបស់រដ្ឋបាលលោកប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃចន្ទ (០៥ ឧសភា) ដែលមានបំណងដកហូតស្ថានភាពស្របច្បាប់បណ្តោះអាសន្នរបស់ប្រជាជនគុយបា ហៃទី នីការ៉ាហ្គា និងវ៉េណេស៊ុយអេឡារាប់សែននាក់ ដែលកំពុងរស់នៅក្នុងសហរដ្ឋអាមេរិក។

សាលាឧទ្ធរណ៍ទី១ របស់អាមេរិក ដែលមានមូលដ្ឋាននៅទីក្រុងបូស្តុន បានបដិសេធមិនផ្អាកដីការមានស្រាប់របស់ចៅក្រម ដែលបានបញ្ឈប់ក្រសួងសន្តិសុខមាតុភូមិ មិនឱ្យកាត់ផ្ដាច់ "ការលើកលែង" រយៈពេលពីរឆ្នាំ ដែលបានផ្តល់ឱ្យជនអន្តោប្រវេសន៍ ក្រោមរដ្ឋបាលរបស់អតីតប្រធានាធិបតី Joe Biden។

រដ្ឋបាលលោក Trump អះអាងថា រដ្ឋមន្ត្រីសន្តិសុខមាតុភូមិ Kristi Noem មានឆន្ទានុសិទ្ធិក្នុងការបញ្ចប់ស្ថានភាពស្របច្បាប់របស់ជនអន្តោប្រវេសន៍ជាលំដាប់ ហើយថា ដីការបស់ចៅក្រមកំពុងបង្ខំឱ្យរដ្ឋាភិបាលអាមេរិក "រក្សាទុកជនបរទេសរាប់សែននាក់នៅក្នុងប្រទេស ប្រឆាំងនឹងឆន្ទៈរបស់ខ្លួន"។

គួរឱ្យដឹងថា ក្រសួងសន្តិសុខមាតុភូមិកាលពីថ្ងៃទី២៥ ខែមីនា បានប្រកាសនៅក្នុងសេចក្តីជូនដំណឹងស្តីពីការចុះឈ្មោះសហព័ន្ធថា ខ្លួនបានសម្រេចចិត្តបញ្ចប់ការលើកលែង "ស្ថានភាពស្របច្បាប់" រយៈពេលពីរឆ្នាំ ដែលបានផ្តល់ដល់ជនអន្តោប្រវេសន៍គុយបា ហៃទី នីការ៉ាហ្គា និង វេណេហ្ស៊ុយអេឡា ប្រហែល ៤០០.០០០នាក់៕