ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទ (០៥ ឧសភា) ថា លោកចង់ធ្វើការជាមួយប្រធានាធិបតីទួរគី លោក Tayyip Erdogan ដើម្បីបញ្ចប់ប្រតិបត្តិការយោធារបស់រុស្ស៊ី លើអ៊ុយក្រែន បន្ទាប់ពីមេដឹកនាំទាំងពីរបានពិភាក្សាគ្នាតាមទូរសព្ទ។

លោក Trump បានបន្ថែមនៅលើបណ្តាញសង្គម Truth Social របស់ខ្លួនថា លោក Erdogan ក៏បានអញ្ជើញលោកទៅទស្សនកិច្ចនៅប្រទេសទួរគី ហើយថាមេដឹកនាំទួរគីរូបនេះនឹងជួបលោកនៅទីក្រុងវ៉ាស៊ីនតោន។ លោក Trump បានបង្ហោះលើបណ្ដាញសង្គមថា "លោកទន្ទឹងរង់ចាំធ្វើការជាមួយលោកប្រធានាធិបតី Erdogan ដើម្បីស្វែងរកទីបញ្ចប់ឱ្យសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ឥឡូវនេះ!"។

លោក Trump ដែលបានសន្យាថានឹងបញ្ចប់សង្រ្គាមអ៊ុយក្រែនក្នុងពេល ២៤ម៉ោងនៃការចាប់ផ្តើមអាណត្តិទីពីររបស់លោកក្នុងខែមករា បាននិងកំពុងជំរុញទីក្រុងគីវ និងទីក្រុងមូស្គូ ឱ្យឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់មួយ ប៉ុន្តែការខកចិត្តក៏បន្តកើតមានឡើងដោយសារមើលមិនឃើញវឌ្ឍនភាព។

ទួរគី ដែលជាសមាជិកណាតូ បានព្យាយាមរក្សាទំនាក់ទំនងល្អជាមួយប្រទេសជិតខាងសមុទ្រខ្មៅទាំងពីររបស់ខ្លួន ចាប់តាំងពីប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី ហើយបានរៀបចំកិច្ចពិភាក្សាពីរដងមកហើយក្នុងគោលបំណងបញ្ចប់សង្គ្រាមដ៏បង្ហូរឈាមនេះ៕