សកម្មជនរាប់រយនាក់ បានផ្គើននឹងការគំរាមកំហែងពីរដ្ឋាភិបាលយោធារបស់ប្រទេសម៉ាលី ហើយបានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មកាលពីចុងសប្តាហ៍មុន នៅក្នុងការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យជាលើកដំបូង ចាប់តាំងពីរដ្ឋប្រហារបានធ្វើឱ្យទាហានឡើងកាន់អំណាចជិត ៤ឆ្នាំមុនមក។

ក្រុមបាតុករក្នុងរដ្ឋធានីបាម៉ាកូ បានតវ៉ាចំពោះសេចក្តីព្រាងច្បាប់ថ្មី ដែលផ្តួចផ្តើមដោយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសម៉ាលី ដើម្បីរំលាយគណបក្សនយោបាយនៅក្នុងប្រទេសអាហ្វ្រិកខាងលិចមួយនេះ ដែលជាការសម្រេចចិត្តចុងក្រោយបង្អស់ក្នុងការដាក់កម្រិតសកម្មភាពនយោបាយ។

កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍ សកម្មជនបានស្រែកតវ៉ាប្រឆាំងនឹងរបបយោធានៅខាងក្រៅទីលាន Palais de Culture ដែលនគរបាលបានរារាំងដើម្បីជៀសវាងការប៉ះទង្គិចជាមួយយុវជនគាំទ្រយោធា ដែលបានកាន់កាប់ទីតាំងនោះមុនប៉ុន្មានម៉ោង ដើម្បីប៉ុនប៉ងរារាំងការប្រមូលផ្តុំតវ៉ានេះ។

នគរបាលបានឱ្យពួកគេចាកចេញពីកន្លែងតវ៉ា ដោយលើកឡើងពីហានិភ័យនៃការប្រឈមមុខដាក់គ្នាជាមួយអ្នកគាំទ្ររដ្ឋាភិបាលយោធា។ អ្នកជំនាញនិយាយថា គេមិនច្បាស់ទេថាការតវ៉ាបែបនេះនឹងទទួលបានសន្ទុះឬយ៉ាងណា ប៉ុន្តែមាន "ហានិភ័យពិតប្រាកដ" នៃភាពតានតឹង ប្រសិនបើអាជ្ញាធរយោធានៅតែបន្តផែនការរឹតត្បិតនេះ៕