ផែនការរបស់អ៊ីស្រាអែល សម្រាប់ស្វះស្វែងរក "សញ្ជ័យ" ឬហៅថា ការយកជ័យជម្នះទាំងស្រុងលើសត្រូវ នៅតំបន់ហ្កាហ្សា បានបង្កឱ្យមានការភ័យខ្លាចជាថ្មីពីអន្តរជាតិ ប៉ុន្តែសម្រាប់អ្នកស្រុកជាច្រើននៃទឹកដីនេះ ដែលកំពុងរងទុក្ខវេទនាក្នុងការរស់រានរួចទៅហើយ ការគំរាមកំហែងភ្លាមៗបំផុតចំពោះជីវិតពួកគេគឺជាទិដ្ឋភាពនៃទុរ្ភិក្សចំពោះមុខ ស្របពេលការបិទផ្លូវរបស់អ៊ីស្រាអែល អស់ជាច្រើនខែ។

មន្ត្រីអ៊ីស្រាអែលនិយាយថា ផែនការពង្រីកប្រតិបត្តិការយោធា ដែលត្រូវអនុម័តដោយគណៈរដ្ឋមន្ត្រីសន្តិសុខ រួមមានការកាន់កាប់ទឹកដីនៅក្នុងតំបន់ហ្កាហ្សា និងផ្លាស់ទីប្រជាជនទៅភាគខាងត្បូង "សម្រាប់ការការពារខ្លួនរបស់ពួកគេ"។ អ្នកស្រុកហ្កាហ្សាជាច្រើនបានប្រាប់សារព័ត៌មាន AFP ថា ពួកគេគិតថា ការវាយលុកថ្មីនេះនឹងធ្វើឱ្យមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ច្រើនទេចំពោះស្ថានភាពមនុស្សធម៌ដ៏អាក្រក់រួចទៅហើយនៅក្នុងទឹកដីឆ្នេរសមុទ្រតូចមួយនេះ។

អ្នកស្រុកហ្កាហ្សាម្នាក់និយាយថា "អ៊ីស្រាអែល មិនដែលបានបញ្ឈប់សង្រ្គាម ការកាប់សម្លាប់ ការទម្លាក់គ្រាប់បែក ការបំផ្លិចបំផ្លាញ ការឡោមព័ទ្ធ និងការបង្កភាពអត់ឃ្លានទេរៀងរាល់ថ្ងៃនេះ ដូច្នេះការពង្រីកប្រតិបត្តិការយោធា មិនធ្វើឱ្យមានការប្រែប្រួលអ្វីទេ ព្រោះស្ថានការណ៍អាក្រក់ខ្លាំងរួចទៅហើយ"។

កម្មវិធីស្បៀងអាហារពិភពលោក (WFP) កាលពីចុងខែមេសា បាននិយាយថា ខ្លួនអស់ស្តុកស្បៀងអាហាររបស់ខ្លួនហើយនៅហ្កាហ្សា ដោយសារការបិទផ្លូវរបស់អ៊ីស្រាអែលលើការផ្គត់ផ្គង់ទាំងអស់ចាប់តាំងពីខែមីនាមក។ អ៊ីស្រាអែលនិយាយថា ការទម្លាក់គ្រាប់បែកជាថ្មីរបស់ខ្លួន និងការបិទផ្លូវជំនួយតំបន់ហ្កាហ្សា មានបំណងបង្ខំក្រុមហាម៉ាស ឱ្យដោះលែងចំណាប់ថ្នូរដែលនៅសេសសល់៕